បច្ចុប្បន្នស្ត្រី ឬយុវតីដែលមានសម្ផស្សស្រស់ស្អាតមានច្រើនណាស់ តែខ្លះភាពស្រស់ស្អាត បានដោយសារការវះកាត់កែសម្ផស្ស ឯខ្លះទៀតអំណោយផលពីធម្មជាតិ ដូច យុវតីមកពីខេត្តកំពង់ចាម អឿន រ៉ូហ្សា គឺនាងមានសម្រស់ស្អាតពីធម្មជាតិតែម្ដង ពោលគឺមិនដែលបានវះកាត់កែសម្ផស្សអ្វីនោះទេ។
“ចា…បងទាក់ទងនឹងខាងសម្ផស្ស គឺខ្ញុំអត់មានកែសម្ផស្សអីត្រង់ណាទេបង”។ នេះជាការថ្លែងរបស់ រ៉ូហ្សា មកកាន់ ឡេឌីស៍ ដែលផ្ដោតទៅលើភាពស្រស់ស្អាតរបស់នាងនាពេលបច្ចុប្បន្ន។
តារាស្រីកំពុងពេញនិយមរូបនេះ ប្រាប់ថា នាងមានរបៀបថែទាំងសុខភាពសម្រស់របស់នាងប្រចាំថ្ងៃ។
តិចនិកថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់នាង គឺនាងតែងប្រើផលិតផល Skin Care ប្រចាំថ្ងៃ។ ក្រៅពីនេះ នាងប្រើវិធីម៉ាស្សាមុខ បញ្ចូលវីតាមីន និងបិទម៉ាសជាប្រចាំ ដើម្បីរក្សាសំណើមស្បែកមុខ។
ដោយរបបអាហារ រ៉ូហ្សា មិននិយមអាហារប្រភេទ ផ្អាប់ ខ្លាញ់ និងផ្អែមនោះទេ។ នាងថា អាហារទាំងនេះ នាងទទួលទានក្នុងកម្រិតអប្បរមាប៉ុណ្ណោះ។
អឿន រ៉ូហ្សា មានវ័យ ២៥ឆ្នាំ ជាអ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តារាស្រីរូបនេះ មានសម្បុរស្រអែម ទម្រង់មុខស្អាតស្រទន់ របៀបខ្មែរ ហើយសាច់មុខម៉ដ្ឋខៃ។ ទាំងនេះបូកផ្សំគ្នា បានជាភាពទាក់ទាញផ្ទាល់ខ្លួន ហើយក៏ជាចំណុចចាប់ផ្ដើមដំបូងនៃអាជីពសិល្បៈរបស់នាងនាពេលបច្ចុប្បន្ននេះដែរ។
យុវតីសម្បុរស្រអែម បញ្ជាក់ អាជីពសិល្បៈ មិនមែនជាអ្វីដែលនាងគិតប៉ងពីដំបូងនោះទេ។ ប៉ុន្តែផលិតករម្នាក់ ឃើញនាង ហើយហៅទៅសម្ដែងសាកល្បង(Casting) ក៏ជាប់តែម្ដង។ តារាស្រីបញ្ជាក់ថា នាងក៏មិនជឿខ្លួនឯងដែរព្រោះនាងមិនមានពិសោធន៍លើការសម្ដែងទាល់តែសោះ ហើយក៏មិនថែមទៀតថា ខ្លួនឯងមានភាពទាក់ទាញលើការងារនេះ។
រ៉ូហ្សា ប្រាប់ថា អ្នកដឹកនាំ គេពេញចិត្តទម្រង់មុខរបស់នាង របៀបជានារីខ្មែរ ដូច្នេះហើយទើបគេហៅសម្ដែងសាកល្បងរឿងដំបូងជាប្រភេទរឿងបុរាណ គឺរឿង “ទេពធីតាថ្កុលមាស” និងមានរឿងបុរាណបន្តបន្ទាប់មកដល់បច្ចុប្បន្ន៕