វិស័យទេសចរណ៍នៅកម្ពុជា គឺជាវិស័យដ៏សំខាន់បំផុតមួយក្នុងការជួយរុញដោលនាវាសេដ្ឋកិច្ចរបស់កម្ពុជា ហើយនៅក្នុងនោះ តំបន់ទេសចរណ៍សក្ដានុពលរបស់កម្ពុជាមានទាំងតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍ធម្មជាតិ។ និយាយពីតំបន់ទេសចរណ៍ធម្មជាតិ កម្ពុជាក៏មានជាច្រើនកន្លែងសុទ្ធជាកន្លែងសក្ដានុពល ក្នុងសូម្បីតែតាមតំបន់ជុំវិញបឹងទន្លេសាប ក៏មានជាច្រើនតំបន់ ដែលភ្ញៀវទេសចរមិនគួរមើលរំលង។
តើតំបន់ទេសចរណ៍ជុំវិញបឹងទន្លេសាបទាំងនោះ មានតំបន់អ្វីខ្លះ សូមតាមដានទាំងអស់គ្នា ។
១) សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដ៏ស្រស់ត្រកាលមួយ សម្រាប់អ្នកមកលេងខេត្តសៀមរាបមិនគួរមើលរំលង នោះគឺសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២) កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាប។ កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយត្រូវបំពាក់សម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។ តំបន់ចុងឃ្នៀស ត្រូវតែរៀបចំឱ្យបានល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
៣) សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។ ភ្ញៀវទេសចរ ជិះទូក កាណូត ទស្សនាកំសាន្ត និងផ្តិតយកទេសភាពគួរជាទីគយគន់នៃសម្រស់ធម្មជាតិព្រៃលិចទឹក និងទន្លេសាប ដ៏ធំល្វឹងល្វើយ។ លើសពីនេះ លោកអ្នកនឹងទទួលបានការយល់ដឹងពីការរស់នៅ នៅក្នុងសហគមន៍កំពង់ភ្លុកបានផងដែរ។សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុកនេះ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៤) តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ដែលជាបឹងអភិរក្សត្រីដ៏សម្បូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែម។ បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ។ តំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្សនៅក្នុងទឹកបឹងនេះ។ បឹងនេះ មានចម្ងាយពីទីប្រជុំជន នៃសង្កាត់ជ្រាវប្រមាណជាង ៦គីឡូម៉ែត្រ ។
៥) សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាគឺជាតំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ។ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ញៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ព្រោះតំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា ។
៦) ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ ស្ថិតក្នុងខេត្តកំពង់ធំ មានសក្តានុពលទេសចរណ៍ពីធម្មជាតិសំខាន់ៗជាច្រើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលមកលេងកម្សាន្ត។ សហគមន៍អេកូទេស ចរណ៍ធម្មជាតិផាត់សណ្តាយ មានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ហិកតា។
៧) បឹងទន្លេឆ្មារ ជាបឹងមួយដ៏ធំហុំព័ទ្ធជុំវិញដោយព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយជាប្រភពចំណីដល់សត្វស្លាបទឹក និងការប្រកបរបរចិញ្ចឹមជីវិតប្រជានេសាទមូលដ្ឋានផងដែរ ជាពិសេសក្នុងចន្លោះខែមិនា រហូតដល់ខែមិថុនា ដែលជារយៈពេលទឹកបឹងទន្លេឆ្មារចាប់ផ្ដើមស្រកខ្លាំង។ សត្វស្លាបសំខាន់ៗដែលកត់ត្រាដោយក្រុមការងារយើងមានដូចជា ខ្លែងសមុទ្រកន្ទុយខ្មៅ (Black-tailed godwit), ត្រយ៉ងខ្លួនរលោង (Glossy Ibis), ត្រយ៉ងខ្លួនស (Black-head Ibis), រនាលពណ៌ (Painted Stork), ចង្កៀលខ្យង (Asian Openbill), ទាកាបព្រៃ (Spot-billed Duck), ជើង ទៀន (Black-winged Stilt) ជាដើម។ ដោយឡែកចង្កៀលខ្យង មានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។ ក្រុមការងារក៏សង្កេតឃើញផងដែរថា ចំនួនអ្នកនេសាទលៀសក្នុងបឹងនេះ ក៏មានការកើនឡើងផងដែរ។
៨) កំពង់ហ្លួង គឺជារមណីយដ្ឋាន ធម្មជាតិ មួយក្នុងចំណោមរមណីយដ្ឋាន ធម្មជាតិ ជាច្រើន ទៀតដែលមានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ នៅលើផ្ទៃទឹកបឹងទន្លេសាបស្ថិតក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ។ ខេត្តពោធិ៍សាត់ ជាខេត្តមួយសម្បូរដោយព្រៃភ្នំក្រំថ្មជ្រោះជ្រងជ្រលងដងអូរសត្វព្រៃមច្ឆជាតិ និង បូជនីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន សុទ្ធសឹងតែមានប្រវត្តិរឿងព្រេង និទាន និង ខ្លះទៀតមានក្នុងប្រវត្តិ ពង្សាវតារ ខ្មែរ ។
៩) ភ្នំកង្រី គឺជាភ្នំមួយបង្កប់រឿង ព្រេងនិទានប្រវត្តិសាស្ត្ររបស់ខ្មែរគឺ «រឿងពុទ្ធិសែននាងកង្រី» ដែលភ្នំមួយនេះមានទំហំរាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំត្រងិល និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ដោយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេចំនួន ៣ទើបទៅដល់ភ្នំនេះ។ភ្នំនាងកង្រីនេះបើគេសំឡឹងមើល ពីមាត់ទន្លេផ្សារក្រោមក្នុងទីរួមខេត្តកំពង់ឆ្នាំងទៅ គេនឹងឃើញតួភ្នំនាងកង្រីដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ មានសក់ក្បាល ចង្កេះ គូថ និងជើង ដែលនៅក្នុងរឿងព្រេងនិទានបុរាណ បាននិយាយថា សពនាងកង្រីស្លាប់ទៅ បានកើតទៅជាភ្នំមួយនេះ។
១០) ជំរំសត្វស្លាប បឹងព្រះពន្លៃ គឺជាជំរំសត្វស្លាប ធម្មជាតិមួយកន្លែង ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បឹងព្រះពន្លៃ មានចម្ងាយប្រហែល ៣០ គ.ម ពីក្រុងពោធិ៍សាត់ ដែលអ្នកទេសចរអាចធ្វើដំណើរទៅបានយ៉ាងស្រួល ដោយមិនមានការធ្វើដំណើរ ដោយថ្មើរជើង រឺឆ្លងទឹកឡើយ។