សុខភាពស្បែកស្អាត មិនមែនកើតតែពេលអ្នកប្រើប្រាស់ផលិតផលសម្អាងថែរក្សាសម្រស់ផ្សេងៗពីផ្នែកខាងក្រៅទេ វារួមបញ្ចូលទាំងទម្លាប់នៃការទទួលទានអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកដូចគ្នា។ ប្រសិនបើការរស់នៅអ្នក មិនត្រឹមត្រូវតាមក្បួនខ្នាត ហើយអ្នកមិនបានស្វែងយល់ច្បាស់អំពីតិចនិកក្នុងការថែរក្សាសុខភាពស្បែកទេ ទោះបីជាអ្នកប្រើប្រាស់ផលិតផលសម្អាងថ្លៃៗយ៉ាងណា ក៏នៅតែមិនបានផលល្អដែរ។
ទទួលទានក្រុមអាហារសម្បូរវីតាមីន
ការទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីន គឺពិតជាមានសារសំខាន់ចំពោះស្បែកខ្លាំងមែនទែន ព្រោះអាហារទាំងនោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ការបន្ថែមសារធាតុប្រូបាយអូទិកទៅក្នុងរបបអាហាររបស់អ្នក អាចជួយព្យាបាលជំងឺសើរស្បែក ដូចជាជម្ងឺត្រអក និងជំងឺមុនរមាស់ជាដើម។ អាហារទាំងនោះរួមមាន បន្លែបៃតង ប្រភេទផ្លែឈើ និងខ្លាញ់ត្រី។
រក្សាជាតិទឹកក្នុងខ្លួន
ទោះបីជាមិនមានការបញ្ជាក់ច្បាស់លាស់ថា ការទទួលទានទឹកឱ្យបានច្រើន អាចជួយថែរក្សាតុល្យភាពសុខភាពស្បែករបស់អ្នកបានកម្រិតណា ប៉ុន្តែមានមនុស្សជាច្រើនបានអនុវត្តវិធីនេះ ហើយពួកគេពិតជាទទួលបានផលល្អពិតប្រាកដមែន។ នៅពេលរូបរាងកាយយើងទទួលបានទឹកគ្រប់គ្រាន់ វាជួយធ្វើឱ្យស្បែកមានសំណើមរលោង សភ្លឺថ្លាពីខាងក្នុង បំបាត់មុន ឬស្នាមអាចម៍រុយ ជាពិសេសមិនមានសភាពស្ងួត ប្រេះ និងបែកស្រកា។ លើសពីនេះ វាជាជំនួយការដ៏ល្អបំផុត នៅពេលអ្នកប្រើប្រាស់គ្រឿងសម្អាងលាបលើស្បែក វាបានជួយពន្លឿនការទទួលយកនៃកោសិកាស្បែកខាងក្នុង។
ការការពារពីផលប៉ះពាល់នៃព្រះអាទិត្យ
កាំរស្មី UV ជាកត្តាបំផ្លាញ DNA កោសិកាស្បែករបស់អ្នក ដែលអាចបណ្តាលឱ្យសម្រស់របស់អ្នកមានសភាពចាស់មុនអាយុ សុខភាពស្បែកខូចខាតខ្លាំង ដូចជា ស្ងួត លើងស្នាម និងរលាក ហើយបង្កហានិភ័យខ្ពស់នៃជំងឺមហារីកស្បែក។ សូមប្រើឡេការពារកម្តៅថ្ងៃឱ្យបានទៀងទាត់ ចៀសវាងនៅក្រោមកម្តៅព្រះអាទិត្យយូរម៉ោង និងស្លៀកសម្លៀកបំពាក់ការពារស្បែក។
ការធ្វើលំហាត់ប្រាណ
ការសិក្សាជាច្រើនបានបើកបង្ហាញថា ការអនុវត្តន៍លំហាត់ប្រាណឱ្យបានទៀងទាត់ អាចជះឥទ្ធិពលដល់សុខភាពស្បែកយ៉ាងខ្លាំង។ ការធ្វើលំហាត់ប្រាណតាមបែប Aerobic ជាជំនួយធ្វើឱ្យស្រទាប់ស្បែកខាងក្នុងកាន់តែក្រាស់ នេះជាហេតុផលដែលធ្វើឱ្យស្បែករបស់អ្នកមានភាពរលោងស្រស់ស្អាត។
ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
តើអ្នកដឹងទេ? កោសិកាស្បែករបស់អ្នក ក៏ដូចសរីរាង្គផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក គឺវាជួសជុលដោយខ្លួនវាអំឡុងពេលអ្នកគេង។ ការកើនឡើងលំហូរឈាម និងការផលិតកូឡាជែនគឺកើតឡើងអំឡុងពេលអ្នកគេង ហើយវាជួសជុលកោសិកាដែលទទួលរងការខូចខាតបណ្តាលមកពីកត្តាផ្សេងៗ ដូចជា ការខូចខាតដោយសារកាំរស្មីយូវីជាដើម។
បញ្ឈប់ការជក់បារី
ការប៉ះពាល់នៃផ្សែងបារីទាំងខាងក្នុង និងខាងក្រៅ ធ្វើឱ្យស្បែកឆាប់ចាស់ និងជ្រីវជ្រួញ ហើយបង្កហានិភ័យខ្ពស់នៃជំងឺសើរស្បែកមានដូចជា ជំងឺមុន និងជំងឺស្បែករបកក្រហម។ វាក៏បានចូលរួមពន្យឺតការសះរបួសដោយខ្លួនឯងរបស់កោសិកាស្បែក។ លើសពីនេះ សូមកាត់បន្ថយការទទួលទានគ្រឿងស្រវឹងផងដែរ។