សក់ គឺជាមន្តស្នេហ៍របស់មនុស្សស្រី នារីគ្រប់ៗរូបតែងប្រាថ្នាចង់បានសក់វែងស្អាត ក្រាស់ក្មឹក និងមានទម្ងន់ធ្ងន់ល្អ ប៉ុន្តែផ្ទុយទៅវិញស្រ្តីស្ទើរតែទាំងអស់ទៅហើយដែលជួបប្រទះបញ្ហាសក់ដូចជា សក់ជ្រុះ សក់ខូច សក់សំពោង និងការកើតអង្កែជាដើម ទើបបង្ខំចិត្តកាត់សក់ខ្លីដើម្បីជៀសវាងបញ្ហាទាំងអស់នោះ។
សូមកុំបារម្ភ គន្លឹះទាំង៥ខាងក្រោមនេះនឹងជួយឱ្យសក់របស់អ្នកឆាប់ដុះមកវិញមានសភាពក្រាស់ល្អ ជាពិសេសកាត់បន្ថយបញ្ហាសក់ផ្សេងៗដែលអ្នកនឹងស្មានមិនដល់។
ទទួលទានអាហារប្រូតេអ៊ីនឱ្យបានច្រើន
របបអាហារសម្បូរទៅដោយប្រូតេអ៊ីន គឺមានសារសំខាន់ណាស់ចំពោះសក់ក្នុងការលូតលាស់បានវែងឆាប់រហ័ស។ ជាទូទៅ អ្នកគួរតែទទួលទានជាតិប្រូតេអ៊ីន 50 ក្រាមនៅក្នុងមួយថ្ងៃ បន្ថែមពីលើនេះ អ្នកក៏ត្រូវការវីតាមីនដូចគ្នារួមមាន វីតាមីន A វីតាមីន B វីតាមីន D និងវីតាមីន E។
បញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់នៅក្នុងសីតុណ្ហភាពក្តៅខ្លាំង
កម្តៅនៃម៉ាស៊ីនកៀបសក់ និងម៉ាស៊ីនសម្ងួតសក់ អាចបំផ្លាញសុខភាពសក់របស់អ្នកយ៉ាងធ្ងន់ធ្ងរ ឬបណ្ដាលឲ្យសក់ខូចជាដំណំ។ ដើម្បីជួយកាត់បន្ថយការខូចសក់ សូមព្យាយាមកម្រិតការប្រើប្រាស់ឧបករណ៍ទាំងនោះ និងបន្ថយសីតុណ្ហភាពដែលក្តៅខ្លាំង។
កាត់បន្ថយស្ត្រេស
អារម្មណ៍ស្ត្រេស បានជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពរាងកាយទាំងមូល រួមទាំងការលូតលាស់នៃសក់។ អ័រម៉ូនស្ត្រេសអាចបណ្ដាលឱ្យសក់ងាយនឹងជ្រុះ ដូច្នេះអ្នកគួរតែកាត់បន្ថយ និងគ្រប់គ្រងអារម្មណ៍ស្រ្តេសឱ្យបានត្រឹមត្រូវ។
តម្រឹមសក់ឱ្យបានទៀងទាត់
ការតម្រឹមសក់ជារៀងរាល់ ២ ទៅ ៣ខែម្តងអាចជួយជំរុញដល់សក់ទទួលបានសុខភាពល្អ។ ការធ្វើបែបនេះអាចបំបាត់សក់បែកចុង ការពារមិនឱ្យរីករាលដាលទៅកាន់សរសៃសក់ផ្សេងទៀតរបស់អ្នក។
កក់សម្អាតសក់
ទោះបីជាសាប៊ូកក់សក់ជួយកម្ចាត់ភាពកខ្វក់ ធូលី អង្កែចេញពីសក់ ប៉ុន្តែវាក៏កម្ចាត់ជាតិប្រេងធម្មជាតិដែលពង្រឹងសុខភាពសក់ផងដែរ។ សូមអ្នកធ្វើការប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បី ការពារប្រូតេអ៊ីននៅក្នុងសក់ និងទប់ស្កាត់ការខូចខាត។ ចៀសវាងការងូតទឹកក្តៅពេកដែលធ្វើឱ្យរលាកស្បែកក្បាល ប៉ះពាល់ដល់ឬសសរសៃសក់។