ទារក និងកុមារតម្រូវឱ្យគេងយ៉ាងតិច 9 ម៉ោងជារៀងរាល់យប់។ បញ្ហានៃការគេង និងការគេងមិនបានគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការលូតលាស់ខួរក្បាល និងសរីរាង្គរូបកាយរបស់កុមារ ហើយអាចបង្កជាបញ្ហាដល់ពួកគេនៅក្នុងទំនាក់ទំនងសង្គម សាលារៀន ទីកន្លែងផ្សេងៗក្នុងអំឡុងពេលចុះកម្មសិក្សានៅខាងក្រៅ។
ការគេងមិនលក់ អាចបណ្តាលឱ្យកើតមានបញ្ហាមួយចំនួនដូចជា ៖
• បង្កឱ្យមានគ្រោះថ្នាក់ដល់សរីរាង្គកាយ និងបង្ករបួសឬជំងឺមួយចំនួន
• មានបញ្ហាអាកប្បកិរិយា
• មួរម៉ៅ ខឹង និងយំច្រើន
• មានបញ្ហានៃការចងចាំ ការផ្តោតអារម្មណ៍ទៅការសិក្សា
• មានបញ្ហានៃការអនុវត្ត និងឆ្លើយតបប្រតិកម្មយឺត
សញ្ញាណខាងក្រោមនេះ កំពុងឆ្លុះបង្ហាញទៅកាន់ឪពុកម្តាយគ្រប់រូបថា កូនតូចៗរបស់អ្នកកំពុងមានបញ្ហាដំណេកហើយ។ ចូរអ្នកកត់សម្គាល់ និងធ្វើការពិគ្រោះជាមួយគ្រូពេទ្យកុមារដើម្បីស្វែងរកដំណោះស្រាយ ចៀសវាងការវិវត្តន៏ទៅរកបញ្ហាធ្ងន់ធ្ងរជាងនេះ ៖
• ស្រមុកខ្លាំង
• មានការបង្អាក់ដង្ហើមក្នុងអំឡុងពេលគេង
• ភ្ញាក់ពាក់កណ្តាលដំណេក
• មានបញ្ហាដំណេកនៅពេលថ្ងៃ
• មមើរ យំ ឬមានសុបិន្តអាក្រក់
• ការកកិតធ្មេញ
• គេងរើខ្លាំង
• គេងមិនលក់
ទាំងនេះអាចជាដំណោះស្រាយបឋមនៅផ្ទះដែលឪពុកម្តាយគ្រប់រូបអាចសាកល្បងអនុវត្តបានចំពោះកូនតូចៗដែលមានបញ្ហាដំណេកដូចខាងលើ ហើយប្រសិនបើពួកគេមិនមានភាពប្រសើរឡើងចំពោះការគេងនោះទេ សូមជួបពិនិត្យពិគ្រោះជាមួយគ្រូពេទ្យកុមារជាបន្ទាន់ ៖
1. បង្កើតកាលវិភាគ និងកំណត់ម៉ោងក្នុងការចូលគេងឱ្យបានទៀងទាត់ ហើយបង្កើតវាជាទម្លាប់មួយដែលចាំបាច់។
2. បង្កើតទម្លាប់ល្អៗមុនចូលគេង ដូចជា ងូតទឹកក្តៅ អានសៀវភៅ និយាយរឿងនិយាយាជាដើម
3. រយៈពេល 6 ម៉ោងមុនចូលគេង សូមកុំឱ្យកូនរបស់អ្នកញុំាអាហារ ឬភេសជ្ជៈណាដែលមានផ្ទុកជាតិកាហ្វេអ៊ីន
4. កម្រិតសីតុណ្ហភាពក្នុងបន្ទប់គេងឱ្យបានសមល្មមមានផាសុកភាព គ្មានសម្លេងរំខាន ហើយបើកភ្លើងរាត្រីហ៊ឹមៗ មិនងងឹតខ្លាំងពេក
5. ចៀសវាងការផ្តល់អាហារច្រើនដល់កុមារនៅពេលកៀកម៉ោងចូលគេង
6. មិនគួរឱ្យកុមារមើលនទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ខណៈពេលដែកកំពុងរៀបគេង
7. សូមដាក់ឱ្យទារកនិងកុមារគេងនៅពេលដែលពួកគេលេងអស់កម្លាំងខ្លាំង