ខោខូវប៊យ មិនចេះហួសសម័យទេ! នេះគឺជាពាក្យពិតនៅក្នុងវិស័យហ្វេសិន.. ជាពិសេសគឺខោខូវប៊យពណ៌ស ខោប្រភេទនេះអ្នកអាចស្លៀកបាននៅគ្រប់វដ្តរដូវទាំងបួនប្រចាំឆ្នាំដោយគ្រាន់តែផ្លាស់ប្តូរម៉ូតអាវ ស្ទីលស្បែកជើង និងការបំពាក់គ្រឿងអលង្ការបន្ថែម ឬអាចជា Fashion Accessories តែប៉ុណ្ណោះ។
ខោខូប៊យសមានច្រើនជម្រើស ក្នុងការជ្រើសមកផ្គួបផ្សំជាមួយសម្លៀកបំពាក់ផ្សេងទៀត តម្រូវទៅតាមរដូវកាលនីមួយៗ ដូចជា ខោខូវប៊យចង្កេះខ្ពស់ ជើងត្រង់ ខោខូវប៊យជើងកំប៉ុងធំ ខោខូវប៊យរឹបរាង និងប្រភេទជើងប៉ាត់ រីឯចំពោះស្ទីលទៅតាមវដ្តរដូវទាំងបួនប្រចាំឆ្នាំវិញ ប្រសិនបើអ្នកគិតមិនឃើញថាគួរលេងស្ទីលបែបណា ឡេឌីស៍នឹងបំផុសគំនិតចំពោះស្ទីលហ្វេសសិននៃខោខូវប៊យសទៅតាមរដ្តរដូវនីមួយៗជូន។
នាទិឃរដូវ (Spring) និងរដូវក្តៅ (Summer)
ជម្រើសដែលល្អបំផុត គឺការលេងស្ទីលខោខូវប៊យសជាមួយប្រភេទអាវវាលស្មាដៃតូច និងប្រភេទអាវស្តើងដើម្បីចៀសវាងការបែកញើសខ្លាំងព្រោះកម្តៅ ចំពោះពណ៌អាវអ្នកអាចជ្រើសជាប្រភេទពណ៌ Pastel ឬពណ៌ដិតៗ ដើម្បីរំលេចក្រណាត់ខូវប៊យសដែលកំពុងនៅលើខ្លួនអ្នក។ ប្រសិនបើរលាកកម្តៅព្រះអាទិត្យនៅក្នុងរដូវក្តៅ សូមបន្ថែមអាវធំក្រៅ ម្យ៉ាងបើនេះគឺជាជម្រើសសាមញ្ញពេករបស់អ្នកពេក អ្នកអាចលេងស្ទីលបន្ថែមជាមួយអាវចម្រុះពណ៌ ឬអាវម៉ូតឆ្នូតៗហាក់ដូចជាស្បែករបស់សេះបង្កង់ ប៉ុន្តែមើលទៅស្រស់ស្អាតណាស់មិនថាអ្នកជ្រើសជាប្រភេទខោចង្កេះខ្ពស់ ជើងត្រង់ ខោខូវប៊យជើងកំប៉ុងធំ ខោខូវប៊យរឹបរាង ។
ដើម្បីបន្ថែមសោភ័ណភាពដល់ការលេងស្ទីលខោខូវប៊យសរបស់អ្នក សូមបំផុសជាមួយគ្រឿងអលង្ការពណ៌មាស និងប្រភេទ Accessories ផ្សេងទៀតដូចជា ការបូបដៃស្បែក ឬមួក និងវែនតាខ្មៅឱ្យសាកសមអស្ចារ្យបំផុតជាមួយនឹងរដូវទាំងពីរនេះ។
រដូវរងា (Winter) និងរដូវស្លឹកឈើជ្រុះ (Autumn)
ការលេងស្ទីលសម្លៀកបំពាក់ពណ៌សតែងត្រូវបានបំភ្លេចចោលជាញឹកញាប់ក្នុងកំឡុងខែដែលមានអាកាសធាតុត្រជាក់ ប៉ុន្តែនេះជាការយល់ខុសមួយ ព្រោះខោខូវប៊យពណ៌សគឺមានសារសំខាន់នារដូវរងារ និងរដូវដែលមានខ្យល់ធ្លាក់ ខណៈសាច់ខូវប៊យមានសភាពក្រាស់ និងអាចរក្សាសីតុណ្ហភាពកម្តៅរាងកាយ ជាពិសេសមិនធ្វើឱ្យបាត់សោភ័ណភាពនៃស្ទីលហ្វេសសិនរបស់អ្នក។ អ្នកអាចស្លៀកវាដោយផ្គួបផ្សំជាមួយអាវយឺតដៃវែងពាក់កណ្តាលខ្លួន អាវសាច់ចាក់ អាវធំៗប្រភេទសាច់ទន់ និងអាវកាក់ស្រ្តីដោយបន្ថែមអាវសាច់សូត្រពីក្រៅដណ្តប់ស្បែកមួយតង់ទៀត។
លើសពីនេះ អ្នកអាចជ្រើសជាប្រភេទអាវកវែង ឬកអណ្តើក កុំឱ្យមានភាពរញ៉េរញ៉ៃខ្លាំង ហើយអ្វីដែលចាំបាច់បំផុតគឺបំផុសសម្រស់នៃស្ទីលសម្លៀកបំពាក់នេះ ជាមួយស្បែកជើងកវែង Boots កាបូបដៃស្រ្តីសម្រាប់អាកាសធាតុចុះត្រជាក់។ សូមកុំភ្លេចគ្រឿងអលង្ការក្នុងការលើកសម្រស់របស់អ្នកមួយកម្រិតទៀត។