ឈានចូលដល់យុគសម័យនៃការវិវត្តន៍ស្ទីលលេងខ្លួនរបស់នារី ភាពសិចស៊ី តែងមានរួមបញ្ចូលទៅក្នុងការតុបតែងខ្លួន មិនថាតិច ឫ ច្រើនក្តី។ ជាការពិត ចំណុចតូចៗមួយចំនួនដែលនារីតែងមើលរំលង អាចជាចំណុចដ៏ទាក់ទាញបំផុត ក៏ថាបាន។ តួយ៉ាង ការជ្រើសរើសម៉ូតខោអាវក្នុង ដែលត្រឹមត្រូវ នឹងធ្វើឱ្យស្រ្តីកាន់តែមានភាពជឿជាក់ ទាក់ទាញ និង មានទំនុកចិត្តលើរាងកាយខ្លួន ជាងមុន។
និយាយទៅដល់ខោក្នុង ម៉ូតដែលពេញនិយមសម្រាប់នារីជំនាន់ថ្មីមានដូចជា G string, thong, tanga និង G-banger។ ប៉ុន្តែតាមការពិតទៅ ខោក្នុង G string មានប្រវត្តិយ៉ាងដូច្នេះថា កាលពីយូរលង់ណាស់មកហើយ ជនជាតិដើមអាមេរិកកាំង ប្រើប្រាស់សម្រាប់ធ្វើជាសម្លៀកបំពាក់ប្រចាំថ្ងៃ និង ដើម្បីបិតបាំងកន្លែងសម្ងាត់។ គេអាចធ្វើការសន្និដ្ឋានបានថា ខោ G Strings ត្រូវបានប្រើប្រាស់ធ្វើជាសម្លៀកបំពាក់ដំបូងបង្អស់សម្រាប់ បុរស និង ស្រ្តី កាលពី ៧៥០០០ឆ្នាំមុន។
លុះចូលមកដល់សម័យកាលក្រោយមក នៅអំឡុងឆ្នាំ ១៩៣៩ ក្នុងសហរដ្ឋអាមេរិក សម្បូរទៅដោយកន្លែងកម្សាន្ត និង មាននារីរាំអាក្រាតកាយ សម្រាប់ភ្ញៀវទស្សនា។ ដោយមើលទៅមានភាពអនាធិបតេយ្យខ្លាំងពេក ចៅហ្វាយក្រុងញូយ៉ក លោក Fiorello La Guardia បានចេញច្បាប់តម្រូវឱ្យ នារីធ្វើការនៅតាមកន្លែងកម្សាន្តទាំងនោះ ត្រូវពាក់អាវទ្រនាប់ និងស្លៀកខោទ្រនាប់ នៅពេលឡើងរាំ។ ដើម្បីអាចធ្វើឱ្យច្បាប់នេះ អនុវត្តទៅបានដោយជោគជ័យ គេបានច្នៃខោទ្រនាប់ G string ឱ្យកាន់តែមានខ្សែតូច ដើម្បីបន្ថែមភាពសិចស៊ី។
ខណៈពេលដែលហ្វេហ្សិន បានវិវត្តន៍ទៅមុខ ការស្លៀកពាក់របស់នារីក៏កាន់តែជឿនលឿនដូចគ្នាដែរ។ ស្រ្តីចាប់ផ្តើមយល់ពីហ្វេហ្សិន កាន់តែស៊ីជម្រៅ ហើយការស្លៀកខោទ្រនាប់ប្រភេទ G string និង ឈុតប៊ីគីនី ក្លាយជារឿងធម្មតាទៅហើយនាពេលបច្ចុប្បន្ននេះ។ ដោយក្នុងចំណោមខោទ្រនាប់សម័យថ្មីទាំងអស់ G String ត្រូវបានគេចាត់ទុកថា ជាប្រភេទខោក្នុងនារី ដ៏ទាក់ទាញ និង ពេញនិយមបំផុត ដោយសារតែចង្កេះខោ ជាប្រភេទខ្សែតូចមួយ ងាយស្រួលស្លៀក ផ្តល់ភាព comfort ដល់ស្រ្តីពេញមួយថ្ងៃ។ លើសពីនេះ គេជឿថា នារីដែលជ្រើសរើសខោក្នុងប្រភេទនេះ ជាមនុស្សមានភាពជឿជាក់លើរូបរាងកាយរបស់ខ្លួន និង ជានារីដែលមានរសនិយមបែប sassy (ឆើតឆាយ) ផងដែរ៕