មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ បាននឹងកំពុងប្រព្រឹត្តទៅនៅប្រទេសបារាំង។ នៅក្នុងឆ្នាំ ២០២៤នេះ គេសង្កេតឃើញមានតារាភាពយន្ត ផលិតករ និង សិល្បករល្បីៗមកពីជុំវិញពិភពលោក បានមកចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តដ៏ធំមួយនេះ។
មិនត្រឹមតែជាកម្មវិធីមហោស្រពភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែនៅទីក្រុងកាន ឆ្នាំនេះ រឹតតែពិសេសដោយសារតែមានម៉ូតសម្លៀកបំពាក់ និង គ្រឿងអលង្ការថ្លៃៗ លំដាប់ប្រណិត ដែលត្រូវបានពាក់ដោយ តារាល្បីៗលំដាប់ពិភពលោក ដើរបង្ហាញរាងលើកម្រាលព្រំក្រហម ឆ្ពោះសំដៅចូលក្នុងកន្លែងប្រារព្ធកម្មវិធី។
Cannes Film Festival ជាកម្មវិធីលំដាប់កំពូលមួយដែលខុសពីកម្មវិធី Awards ផ្សេងធំៗ នៅលើពិភពលោក។ មហាស្រពភាពយន្តដែលធ្វើឡើងនៅប្រទេសបារាំងនេះ បានដាក់ចេញនូវ dress code បែបផ្លូវការ សម្រាប់តារាៗ ដែលមកចូលរួម។ ដូចនេះ ទាំងសម្លៀកបំពាក់ និង គ្រឿងអលង្ការដែលយើងបានឃើញនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកាន លើកទី ៧៧ នេះ គឺមានភាពប្រណិត និង សុទ្ធសឹងជា brand លំដាប់កំពូលនៅលើពិភពលោក៕