“Chanel” គឺជាម៉ាកប្រេនប្រណីតមួយ និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតលំដាប់ពិភពលោកនៅក្នុងចំណោមម៉ាកប្រេនល្បីៗដទៃទៀត ដោយស្ថិតនៅក្រោមការបង្កើត និងដឹកនាំផ្ទាល់ដោយស្រ្តីមួយរូប ឈ្មោះ Coco Chanel ។ Chanel គឺជាស្លាកយីហោនៃផលិតផលដែលមានតម្លៃខ្ពស់ ហើយជាប់ឈ្មោះជាប្រេនប្រកបដោយគុណភាពទៅលើផលិតផលជាច្រើនដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង គ្រឿងសម្អាង គ្រឿងអលង្ការ ទឹកអប់ នាឡិកា វ៉ែនតា.. ហើយថ្មីៗនេះក៏មានការបញ្ចូលនូវផលិតផលថែរក្សាសម្រស់នៅក្នុងផងនោះដែរ។
អ្នកស្រី Coco Chanel ដែលមានឈ្មោះពេញថា Gabrielle Bonheur (Coco) Chanel កើតនៅថ្ងៃទី 19 ខែសីហា ឆ្នាំ 1883 នៅទីក្រុង Saumur ដែលជាទីក្រុងមួយស្ថិតនៅរវាងចន្លោះស្ទឹង Loire និង Thouet នៃប្រទេសបារាំង។ គ្រួសាររបស់នាងមានជីវភាពក្រីក្រ និងរស់នៅដោយលំបាកបំផុត ដែលឪពុកប្រកបមុខរបរអ្នកលក់អីវ៉ាន់តាមដងផ្លូវ និងម្តាយជាអ្នកបោកអ៊ុត។ លោកស្រី មានបងប្អូន 5នាក់ ប្រុស2 ស្រី3។
នៅពេលនាងមានអាយុ 11ឆ្នាំ ម្តាយក៏បានទទួលមរណភាព ហើយឪពុករបស់នាងក៏បានបញ្ជូននាង និងបងប្អូនទាំងអស់អស់ទៅរស់នៅមណ្ឌលកុមារកំព្រាដោយសារឪពុកនាង ត្រូវធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការងារធ្វើ ហើយនៅពេលនោះហើយដែលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរម្តងបន្តិចៗ។
ការរស់នៅក្នុងមណ្ឌលកុមារកំព្រា លោកស្រីបានរៀនជំនាញកាត់ដេរ ដែលបានជួយលោកស្រី អោយទទួលបានការងារដំបូងជាជាង កាត់ដេរ ។ ក្រោយមកលោកស្រីក៏បាន ហ្វឹកហាត់នូវជំនាញរបស់ខ្លួនឱ្យមានភាពប្រសើរឡើងទុកជាមុខរបរចម្បងក្នុងការចិញ្ចឹមជីវិត ក្រោមមូលហេតុនេះហើយដែលធ្វើឱ្យនាងមានជំនាញក្នុងការកាត់ដេរ និងច្នៃម៉ូតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះ និងស៊ីវីល័យបំផុតនាសម័យកាលនោះ។
ក្រោយពីការចាប់ផ្ដើមចាប់អាជីពជាអ្នកច្នៃម៉ូដបែបចិញ្ចឹមក្រពះមួយរយៈ ស្រាប់តែពីមួយថ្ងៃទៅមួយថ្ងៃ មានមហាជនជាច្រើនចាប់ផ្ដើមគាំទ្រទៅលើស្នាដៃរបស់ Chanel រហូតនាងមានលទ្ធភាពបើកហាងច្នៃម៉ូតសម្លៀកបំពាក់តូចមួយនៅទីក្រុងប៉ារីសក្នុងឆ្នាំ1909 និងបានចាប់ផ្ដើមបង្កើតស្លាកយីហោផ្ទាល់ខ្លួនដែលមានកិត្តិនាមថា “Chanel” នៅក្នុងឆ្នាំ 1910 ផ្ទុះភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ។ លើសពីនេះ លោកស្រី ក៏ជាអ្នកច្នៃម៉ូដបារាំងតែម្នាក់គត់ ដែលត្រូវបានទស្សនាវដ្តីល្បីឈ្មោះអាមេរិក ថែម (Time Magazine) ជ្រើសរើសថាជា មនុស្សមានឥទ្ធិពល ក្នុងចំណោមមនុស្ស 100នាក់ នៅសតវត្សទី20។
ជាអកុសល ដោយសារតែមានការផ្ទុះសង្គ្រាមលោកលើកទី2 ទើបធ្វើឱ្យហាង Chanel បានបិតទ្វារអស់រយៈពេល 15ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ 1954 លោកស្រីក៏បានធ្វើការបើកហាងរបស់ខ្លួនឡើងវិញនៅក្នុងវ័យ 71ឆ្នាំ ហើយសន្ទុះនៃការគាំទ្រកាន់តែផ្ទុះឡើងបន្ថែមទៀត រហូតដល់ Chanel ជាប់ឈ្មោះជាម៉ាកប្រេនលំដាប់ពិភពលោក។ គួរបញ្ជាក់ផងដែរ ថាផលិតផលដែលឈរឈ្មោះនៅលំដាប់លេខមួយនៃម៉ាកប្រេននេះ គឺ រ៉ូប Chanel ពណ៌ខ្មៅ និងទឹកអប់ Chanel No5។
លោកស្រី Coco Chanel បានទទួលមរណភាពនៅថ្ងៃទី 10 ខែមករា ឆ្នាំ 1971 នៅទីក្រុងប៉ារីស ក្នុងអាយុ 87 ឆ្នាំ។