ប្រាសាទអង្គរវត្ត ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីអច្ឆរិយៈ ទី ៨ របស់ពិភពលោក កាលពីឆ្នាំ ២០២៣ កន្លងទៅ។ ប្រាសាទដ៏មហិមារ នេះ ជាដួងព្រលឹងរបស់ដួនតាខ្មែរ បន្សល់ទុកនូវស្នាដៃអស្ចារ្យគ្មាន ២ សម្រាប់បង្ហាញប្រទេសនានានៅលើសកលលោកឱ្យឃើញថាខ្មែរធ្លាប់មានអតីតកាលដ៏រុងរឿង។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺ LifeStyle Asia បានចុះផ្សាយអំពីប្រាសាទអង្គរ ដែលដាក់ចំណងជើងថា “Angkor Wat : Your Guide to exploring the stunning eighth wonder of the world”។
អង្គរវត្ត បានវ៉ាដាច់ក្រុងបុរាណរបស់អ៊ីតាលី Pompeii ក្លាយជាអឆ្ឆរិយៈ ទី ៨ របស់ពិភពលោក។ ប្រាសាទអង្គរ ជាប្រសាទសាសនាធំជាងគេបំផុតនៅលើសកលលោក ដែលបានសាងសង់កាលពីសម័យកាលរាជព្រះបាទ សូរ្យវរ្ម័នទី២។ ស្ថិតនៅខាងជើងខេត្តសៀមរាប អង្គរវត្ត ជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ពេញនិយម ទាក់ទាញទេសចរបរទេសរាប់លាននាក់ មកពីជុំវិញពិភពលោក ជារៀងរាល់ឆ្នាំ។ អង្គរវត្ត ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេសស្កូ នៅក្នុងឆ្នាំ ១៩៩២។ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ។
ប្រាសាទ អង្គរវត្ត មានកម្ពស់សរុប ៦៥ម៉ែត្រ និង មានជើងសសរសរុប ១៥៣២ ដើម និងបានប្រើប្រាសកម្លាំងពលកម្មសរុប ប្រមាណជា ៣០០,០០០ (៣សែននាក់) ដោយសាងសង់ក្នុងទំហំផ្ទៃដី ១៦២,៦ ហិចតា លើទំហំផ្ទៃដីសរុប ៤០២ ហិចតា និង បានប្រើប្រាសសត្វដំរី ប្រមាណជា ៦០០០ ក្បាល ក្នុងការដឹកជញ្ជូននូវកំំំណាត់ថ្មធំៗ ដែលយក មកសាងសង់ប្រមាណជា ១០លានតោន ជាមួយនិងពេលវាលា នៃរយៈពេលសាងសង់ប្រមាណជា ២៨ ឆ្នាំ ។
ចំពោះពេលវេលាល្អបំផុត សម្រាប់ទស្សនាប្រសាទអង្គរ គឺនៅក្នុងរដូវប្រាំង ដែលរាប់ចាប់ពីខែវិច្ឆិកា ដល់ ខែឧសភា។ នៅក្នុងរដូវប្រាំង ការទស្សនាប្រាសាទផ្តល់នូវទេសភាពល្អឯក សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ដែលជានិច្ចជាកាល គេតែងសង្កេតឃើញមានមនុស្សប្រមូលផ្តុំគ្នាយ៉ាងកកកុញ នៅជុំវិញបរិវេណប្រាសាទ៕