ស៊ីន យូប៊ីន នៅតែធ្វើបានឥតខ្ចោះក្នុងនាមតំណាងកម្ពុជាផ្សព្វផ្សាយសិល្បៈវប្បធម៌ទៅកាន់ពិភពលោក ដោយនៅថ្ងៃទី៣នៃការដើរលើកម្រាលព្រំ Cannes Film Festival 2024 លើកទី៧៧ នាងបានយកឈុតមួយរៀបរាប់ពីភាពរឹងមាំនៃស្ត្រីខ្មែរ។
នៅក្នុងឈុតនេះ យូប៊ីន គេមើលទៅកាន់តែក្មេង ប្រៀបដូចក្មេងស្រីម្នាក់ តែមានភាពអង់អាច និងរឹងមាំ។ តារាស្រីបានដាក់ឈ្មោះឈុតនេះថា “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក”។
សិល្បការិនីខ្មែរដដែលបញ្ជាក់ថា និយមន័យនៃពាក្យចំបាំង គឺមិនមែនច្បាំងតែលើសឹក
សង្គ្រាមនោះទេ តែច្បាំងនឹងចំណេះវិជ្ចា ព្រមទាំងច្បាំងនឹងងភាពទន់ខ្សោយរបស់ខ្លួនឯងថែមទៀតផង។
យូប៊ីន ថ្លែងថា “ឈុតនេះនាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ!”។
ឈុត នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក ត្រូវបានសាងឡើងយ៉ាងពិសេស ដែលមានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ2005របស់អង្គការយូណេស្កូ។
នេះជាការខិតខំថ្មីទៀតរបស់ ស្រីស្អាតកម្ពុជា បន្ទាប់ពីឆ្នាំមុននាងបានធ្វើម្ដងរួចមកហើយ ដោយកាលណោះនាងបានប្រើប្រាស់ឈុតរ៉ូបស្បៃពណ៌ស រចនារំលេចស្រមោលទង់ជាតិ អក្សរ និងនាគខ្មែរ។
ទាំងនេះ នាងធ្វើដើម្បីគោលដៅតែមួយគត់ គឺផ្សាយពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក។
យូប៊ីន ថ្លែងថា “នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវិប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងខ្ញុំអាចធ្វើបានបើមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុននិងសូមគោរពអរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយ”៕