រាត្រីក្រេបច័ន្ទទឹកឃ្មុំ គឺជាពេលវេលាពិសេសបំផុត បន្ទាប់ពីពិធីរៀបមង្គលការតាមប្រពៃណី បានបញ្ចប់រួចរាល់។ គូស្វាមី ភរិយាទើបរៀបការថ្មោងថ្មី តែងជ្រើសរើសនូវកន្លែងមួយប្រកបដោយភាពរ៉ូមែនទិច ដើម្បីញោចបរិយាកាស ក្រោមស្បៃរាត្រីឱ្យកាន់តែរន្ថាន់ ប្រកបដោយភាពផ្អែមល្អែម ស្អិតរមួតដូចស្ករតាំងម៉ែ។ ដូចនេះការជ្រើសរើស ទីកន្លែងសម្រាប់បង្កើតភ្លើងស្នេហ៍ សាងអនុស្សាវរីយ៍រាត្រីដំបូង ពិតជាសំខាន់ណាស់សម្រាប់គូស្វាមីភរិយា។
ខាងក្រោមនេះជាសណ្ឋាគារលំដាប់ប្រណិត សម្រាប់ក្រេបទឹកឃ្មុំ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
Shangri-La Paris – The Perfect Paris Palace
ប្រសិនបើអ្នកមានគម្រោង ក្រេបទឹកឃ្មុំនៅតំបន់អឺរ៉ុប ទីក្រុងប៉ារីស គួរស្ថិតនៅក្នុងបញ្ជីរបស់អ្នក។ ប៉ារីស ត្រូវបានគេចាត់ទុកថាជាទីក្រុងនៃក្តីស្រលាញ់ ហើយមានស្វាមី ភរិយា ជាច្រើនគូ បានជ្រើសរើសទីក្រុងរបស់បារាំងមួយនេះ ដើម្បីបន្ថែមរង្គើងភ្លើងស្នេហ៍របស់ពួកគេ ឱ្យកាន់តែឆេះសន្ធោសន្ធៅ រោលរាលកាន់តែខ្លាំងឡើង។ សណ្ឋាគារ Sangri-La Paris នឹងក្លាយជាឋានសួគ៌ ក្រោមមេឃ សម្រាប់រាត្រីទឹកឃ្មុំរបស់គូស្នេហ៍ទើបរៀបការហើយថ្មោងថ្មី។
Le Cinq Codet – 5-Star Art Moderne
សណ្ឋាគារលំដាប់ផ្កាយ ៥ នេះ ដំបូងឡើយជាអគារគមនាគមន៍របស់បារាំង សាងសង់ឡើងនៅអំឡុងឆ្នាំ ១៩៣០។ វាត្រូវបានគេកែប្រែឡើងវិញដើម្បី ឱ្យអគារនេះមើលទៅមានភាពស្រស់ស្អាត ជឿនលឿនទាន់សម័យ។ ការដេគ័រម៉ូតខាងក្នុងបន្ទប់នៃសណ្ឋាគារនេះ ផ្តល់ឱ្យអ្នកនូវអារម្មណ៍ស្រឡះ ស្រស់ស្រាយ ហើយធានាថា នឹងកាន់តែស្រស់ស្រាយនៅពេលយប់។
Hotel Monge – Four Cozy Stars in the Latin Quarter
ចាប់តាំងពីបើកដំណើរការមក សណ្ឋាគារ Hotel Monge បានទាក់ចិត្តភ្ញៀវគ្រប់ស្រទាប់វណ្ណៈ។ សណ្ឋាគារប្រណិតមួយនេះ នឹងមិនធ្វើឱ្យអ្នកខកបំណងឡើយ។ បើទោះបីជាបើកដំណើរបានជាង ២ឆ្នាំមកហើយក្តី សម្ភារៈគ្រប់យ៉ាងនៅក្នុងសណ្ឋាគារនេះ ហាក់ស្ថិតនៅក្នុងសភាពថ្មី នៅឡើយ។ រាប់ចាប់តាំងពីការរចនាភ្លើងបន្ទប់ និងការដេគ័រទៅលើ ពូក គ្រែ ពិតជាផ្តល់បទពិសោធន៍ថ្មី និងគួរឱ្យចងចាំសម្រាប់រាត្រីដំបូងរបស់លោកអ្នកជាមួយនឹងដៃគូ។