ធនាគារជាតិ និង ក្រសួងពាណិជ្ជកម្ម បានជួបគ្នាដើម្បីពិភាក្សាគ្នាក្នុងគោលបំណង រៀបចំកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល អោយកាន់តែទូលាយ។
នៅក្នុងជំនួបរវាងភាគីទាំងពីរ ដែលដឹកនាំដោយ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងនៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។
អង្គប្រជុំបានពិភាក្សាអំពីផែនការសកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។
ឯកឧត្តម យឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។
ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផង។
គួររំលេចថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម គឺជាក្រសួងគន្លឹះមួយផងដែរ។