ខណៈមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ កាន់តែខិតដល់ទីបញ្ចប់ មាន សូនីតា បានបញ្ចេញឈុតទី២ ធ្វើអោយនាងរឹតតែលេចធ្លោថែមទៀត។
រក្សានូវរចនាបថ ក៏ដូចជាអត្តសញ្ញាណខ្មែរដដែល តែឈុតទី២ ខុសដាច់ពីឈុតទី១ដែលមានពណ៌ស្លឹកឈើ ឯឈុតទី២ពណ៌ស លាយមាសដែលមានលើក្បាច់ និងយ័ន្តខ្មែរ បង្កើតបានជាភាពទាក់ទាញមួយបែបទៀតរបស់រាជនីក្រមា ដែលមើលទៅនាងកាន់តែស្អាត កាន់តែលេចធ្លោ។
សូនីតា បានដាក់ឈ្មោះឈុតទី២របស់នាង “ផ្កាចន្ទន៍អង្គរ នារីកម្ពុជា” ទម្រង់នៃឈុតនេះ
ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណិត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាសលើដងខ្លួនស្រឡូនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិមកច្នៃ ចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប។
ឯឈ្មោះ ផ្កាចន្ទន៍ គឺជារុក្ខជាតិធម្មជាតិរបស់ខ្មែរយើងតាំងពីបុរាណកាលដែលមានទាំងផ្លែទាំងផ្កា។ ដូច្នេះហើយក្នុងការស្រមើស្រមៃមួយនេះយើងយកធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងប្រផ្នូលរីកលូតលាស់ចេញជាផ្លែផ្កា យ៉ាងអំណោយផល ប្រៀបដូចជា ផ្កាចន្ទន៍អង្គរបានលេចរូបរាងលើកម្រាលព្រំក្រហម នៅទីក្រុងកាន ប្រទេសបារាំងអញ្ចឹងដែរ៕