តារាម៉ូដែល ទាន គឹមចេង ដែលបានធ្វើដំណើរទៅចូលរួមមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ ជាមួយ អូលីវ៉ា គង់ ផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដែរ។យុវតីមានរាងខ្ពស់ស្រឡះរូបនេះ បានបង្ហាញខ្លួននៅថ្ងៃម្សិលមិញ ជាមួយឈុតបង្ហាញអត្តសញ្ញាណខ្មែរមួយឈុត ដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង។
ដោយនៅក្នុងវីដេអូខ្លីមួយ នាងត្រូវបានអ្នកថតរូបមួយក្រុម បានតាមមកថតនាងដល់ខាងក្រៅមហោស្រពទៀត។
តាមលោក អូលីវ៉ា គង់ ដែលដឹកនាំនាង និងម៉ាដាម ដា ទៅបានប្រាប់ ឡេឌីស៍ ដោយដឹងថា នាងមានឈ្មោះថា ទាន គឹមចេង ជាតារាម៉ូដែលអាជីពមួយរូប ដែលមានបទពិសោធន៍ជាច្រើននៅក្នុងអាជីពទាំងនៅក្នុងស្រុក និងនៅអន្តរជាតិ។
អូលីវ៉ា ប្រាប់ថា គឹមចេង ធ្លាប់មានបទពិសោធន៍ដើរម៉ូតនៅក្នុងប្រទេសជាច្រើន មានដូចជា អ៊ីតាលី ម៉ាឡេស៊ី និងវៀតណាមជាដើម។
គឹមចេង និងអូលីវ៉ា បានចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសបារាំងកាលពីចុងសប្ដាហ៍មុន ក្នុងបេសកកម្មទៅផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោកដូចនឹងសិល្បករ សិល្បការិនីផ្សេងទៀតរបស់កម្ពុជាដែរ។
នៅលើកម្រាលព្រំក្រហមដ៏មានកិត្តិយស គឹមចេង បានលេចវត្តមានជាមួយឈុត “អប្សរាមេ”ដ៏ស្រស់ស្អាតមួយឈុត ពណ៌ទឹកក្រូច ផ្គូរជាម៉ូដសក់អប្សរាពណ៌ស បង្កើតបានជាភាពទាក់ទាញមួយ។
តាម អូលីវ៉ា នេះជាឈុតសម្រាប់រំលឹកគុណ ដឹងគុណដល់ លោកគ្រូ អ្នកគ្រូរបាំបុរាណ ដែលគាត់មានវ័យចំណាស់រហូតដល់សក់ស សក់ស្កូវ តែមិនបោះបង់ការងារជាអ្នកទ្រទ្រង់សិល្បៈវប្បធម៌ខ្មែរ។
គឹមចេង អូលីវ៉ា គង់ រួមជាមួយសិល្បករខ្មែរ អ្នកជំនួញផ្សេងទៀត ដូចជា មាន សូនីតា យូប៊ីន ជេននី ម៉ានិត ឡូរ៉ាម៉ម រ៉េត សារីតា ជាដើម បានធ្វើរឿងអស្ចារ្យរៀងខ្លួន ទាញពិភពលោកអោយក្រឡេកមកកម្ពុជា ថានេះហើយ សិល្បៈវប្បធម៌របស់កម្ពុជា ដ៏ល្អផូរផង់ ដែលអ្នកមិនគួរមើលរំលង៕