វ៉ែនតា មិនត្រឹមតែជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាគ្រឿងតែងលម្អកាយ ដែលជួយលើកសម្រស់របស់អ្នកថែមទៀតផង។ ការជ្រើសរើសប្រភេទវ៉ែនតា ឱ្យសមជាមួយនឹងទម្រង់មុខរបស់យើង នឹងជួយឱ្យយើងជាមនុស្សម្នាក់ដែលមានរសនិយមបែបហ្វេហ្សិន និង ជួយលើកសម្រស់ឱ្យមើលមកកាន់តែក្មេងជាងវ័យ។
១. Oversized square frames
វ៉ែនតាប្រភេទនេះ ជាជម្រើសមួយដ៏ល្អសម្រាប់នារីសម័យថ្មី។ ដងរបស់វ៉ែនតា អាចទ្រាំទ្រនឹងប្រភេទកញ្ចក់ក្រាស់ៗបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការជួយការពារភ្នែករបស់យើង វាក៏បានជួយមួយផ្នែកធំ ក្នុងការលើកសម្រស់របស់យើងផងដែរ។
២. Round glasses
វ៉ែនតាប្រភេទនេះ កំពុងស្ថិតនៅក្នុងតារាង Trending ដោយសារតែមានតារា k-pop និង k-drama ល្បីៗជាច្រើនរូបបានពាក់វា។ អ្នកដែលមានទម្រង់មុខវែង និងចង្ការស្រួច វ៉ែនតានេះជាជម្រើសល្អឥតខ្ចោះ ក្នុងការជួយលើកសម្រស់របស់អ្នកឱ្យមើលទៅកាន់តែក្មេងជាងវ័យ និងមានមន្តស្នេហ៍។
៣. Cat eye glasses
នេះជាប្រភេទវ៉ែនតាដែលកំពុងស្ថិតនៅក្នុងរ៉ាដា របស់អ្នករចនាម៉ូត និង អ្នកនិយមហ្វេហ្សិន។ ខុសប្លែកពីវ៉ែនតាផ្សេងទៀត Cat eye glasses មិនរើសប្រភេទទម្រង់មុខនោះទេ ដោយអ្នកមានទម្រង់មុខបែបណា ក៏អាចពាក់វ៉ែនតានេះ មើលទៅស្អាត និង ជួយលើកសម្រស់ឡើងថែមមួយកម្រិត។
៤. Geometric wire frame glasses
នេះជាប្រភេទវ៉ែនតា បែប classic ដែលមិនរើសទម្រង់មុខនោះទេ។ នារីគ្រប់រូបអាចពាក់វាបាន ដោយភាពជឿជាក់។ ទម្ងន់របស់វា ស្រួល ងាយស្រួលពាក់ និង ជួយការពារពីពន្លឺជះចូលភ្នែកបានមួយកម្រិត។ ដោយសារតែវា ជាប្រភេទវ៉ែនតា classic យើងមិនអាចរំពឹងខ្ពស់ថាវា នឹងផ្តល់ភាពហ្វេហ្សិន ដល់យើងច្រើននោះទេ។
៥. Transparent acetate glasses
ប្រសិនបើអ្នកជាអ្នកនិយមម៉ូតបែបសុភាពៗ នេះជាប្រភេទវ៉ែនតាដែលត្រូវគ្នាជាមួយអ្នក។ វាមិនរើសទម្រង់មុខ ហើយក៏មិនខោអាវដែរ។ អ្នកចង់ស្លៀកសម្លៀកបំពាក់បែបណា ក៏វ៉ែនតានេះ នឹងមិនធ្វើឱ្យអ្នកមើលមកចាស់ជាងមុន។ ដងវ៉ែនតានេះជាប្រភេទ គ្រីស្តាល់។
៦. Flat-top aviators
វ៉ែនតាប្រភេទនេះ កំពុងពេញនិយមនៅក្នុងស្រទាប់តារាល្បីៗ និង អ្នកច្នៃម៉ូត។ វាមិនរើសទម្រង់មុខនោះទេ ហើយបើទោះបីជាយើងពាក់វាជារៀងរាល់ថ្ងៃ ក៏នៅតែមើលមកស្រស់ស្អាត និង មិនសាំភ្នែកឡើយ៕