ផ្លែល្ហុងត្រូវបានគេ និយមទទួលទានជាផ្លែឈើសម្រន់ ព្រោះវាមានរសជាតិផ្អែម និងងាយស្រួលក្នុងការទទួលទាន អ្នកគ្រាន់តែចិតសំបក យកគ្រាប់ខ្មៅៗចេញ អ្នកអាចទទួលទានដោយឆ្ងាញ់ពិសា។ ល្ហុងមានដើមកំណើតនៅទ្វីបអាមេរិក ប៉ុន្តែសព្វថ្ងៃនេះវាត្រូវបានដាំដុះនៅពាសពេញពិភពលោក ជាពិសេសនៅតំបន់ត្រូពិក និងអនុតំបន់ត្រូពិក។
លើសពីនេះ ផ្លែល្ហុងក៏មានផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ ដែលមនុស្សមួយចំនួនពុំធ្លាប់បានដឹង នៅក្នុងផ្លែល្ហុងមាន ជាតិសរសៃច្រើន រួមទាំង វីតាមីន A វីតាមីន C និងវីតាមីន E និងសារធាតុ ប្រឆាំងអុកស៊ីតកម្ម អាចការពារមិនឲ្យឡើងជាតិកូឡេស្តេរ៉ូលក្នុងសរសៃឈាម ដើម្បីជៀសវាងការគាំង បេះដូង។ អ្វីដែលកាន់តែសំខាន់នោះ ផ្លែល្ហុងអាចកាត់បន្ថយជាតិខ្លាញ់ និងសារធាតុទ្រីគ្លីសេរី នៅក្នុងខ្លួនអ្នកកើតជំងឺទឹកនោមផ្អែមទៀតផង។
តស់! មកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែល្ហុង ដែលអ្នកនឹកស្មានមិនដល់ ៖
ប្រឆាំងជំងឺមហារីក
សារធាតុ Lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យពីការកើតជំងឹមហារីក ហើយក៏រួមចំណែកក្នុងការព្យាបាលជំងឺមហារីកផងដែរ ព្រោះ Lycopene មានមុខងារសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាជំងឺមហារីក។
ជួយប្រព័ន្ធរំលាយអាហារដំណើការល្អ
ប្រភពនៃជាតិសរសៃដែលមានក្នុងផ្លែល្ហុងមានមុខងារជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបានល្អ ពិសេសអាចជួយដោះស្រាយអ្នកមានបញ្ហាទល់លាមក និងពិបាកបន្ទោរបង់ទៀតផង។
ការពារជំងឺរលាកសន្លាក់
ផ្លែល្ហុងត្រូវបានគេដឹងថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកសន្លាក់ឆ្អឹង។ ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកសន្លាក់ វាក៏មានឥទ្ធិពលយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកសន្លាក់ឆ្អឹងកុំឱ្យរីករាលដាល។
ជំនួយសុខភាពភ្នែក
នៅក្នុងផ្លែល្ហុងផ្ទុក វីតាមីន A ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយក្នុងការពង្រឹងសុខភាពភ្នែក។ វីតាមីន A ជួយការពារកញ្ចក់ភ្នែក ចំណែកសារធាតុប្រឆាំងអុកស៊ីតកម្មកាត់បន្ថយការចុះខ្សោយនៃរ៉េទីនភ្នែក។
ជំនួយសុខភាពបេះដូង
ល្ហុងមានផ្ទុកវីតាមីនប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ៣ ប្រភេទគឺវីតាមីន A, C, និង E ដែលមានអត្ថប្រយោជន៍ក្នុងការការពារបញ្ហាផ្សេងៗដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ វត្តមាននៃសារធាតុ Pro-carotenoid phytonutrients ជួយការពារអុកស៊ីតកម្មនៃកូលេស្តេរ៉ុលនៅក្នុងខ្លួន។
ពន្យារភាពចាស់
សារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងអាចជួយពន្យារភាពចាស់ និងការពារស្បែកពីពពួករ៉ាឌីកាល់សេរី កម្ដៅថ្ងៃ និងស្នាមជ្រីវជ្រួញបាន។