ឈុតសំលៀកបំពាក់ខ្មែរជាច្រើនឈុតស្លៀកដោយតារាចម្រៀង សុគន្ធ និសា បានទទួលការពេញនិយមខ្លាំងបំផុត។ នេះបើតាមលោក អ៊ុំ សុផាន់នី ប្រាប់មកកាន់ ឡេឌីស៍។
លោក អ៊ុំ សុផាន់នី ឬ សុធានី គឺជាម្ចាស់ហាងសំលៀកបំពាក់ “Sothea Ny Tailor” និងជាអ្នករចនាម៉ូតសំលៀកបំពាក់មានបទពិសោធន៍ ១៧ឆ្នាំផង។ លោកប្រាប់ថា លោកផ្ទាល់ គឺជាអ្នករចនាម៉ូតសំលៀកបំពាក់ទាំងប៉ុន្មានក្នុងរូបភាពដែលស្លៀកតារាចម្រៀង សុគន្ធ និសា។
ឈុតទាំងអស់ដែលមានការពេញនិយមច្រើន សរុបមានជាង ១០ឆ្នាំ។ ចំពោះម៉ូតនីមួយៗវិញ គឺម៉ូតខ្លះ ជាការច្នៃដោយគំនិតផ្ទាល់ខ្លួន តែមួយចំនួនទៀត គឺជាការច្នៃច្របាច់បញ្ចូលគ្នារវាងគំនិតក្នុង និងក្រៅស្រុក។
ឆ្លងផុតមកប៉ុន្មានខែនេះ សមិទ្ធផលកើតចេញពីស្នាដៃរបស់លោកពាក់លើខ្លួនតារាចម្រៀងហង្សមាស គឺទទួលបានការពេញនិយមខ្លាំងមែនទែន។ លោកថា ថ្លែងថា “ម៉ូតហ្នឹងត្រូវបានគេយកទៅកាត់តាម ទាំងអតិថិជន និងជាងៗដូចគ្នាយកទៅកាត់តាមច្រើន”។
ក្រៅពីនេះ ក៏មានភ្ញៀវជាច្រើនទៀតបានមកដល់ហាងរបស់លោកផ្ទាល់ ហើយធ្វើការកុម្ម៉ង់កាត់តាមលំនាំម៉ូតក្នុងចំណោមជាង ១០ឈុតនោះ។ ក្រៅពីច្នៃម៉ូតសម្រាប់ សុគន្ធ នីសា លោក សុផាន់នី ឬ សុធានី ក៏ច្នៃសំលៀកបំពាក់ជាច្រើនទៀតមាន កែវ ចាន់និមល កុយ អេណា និង ផន ស្រីខួច ជាដើម៕