ម៉ាឡេស៊ី ជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅទ្វីបអាស៊ី ដោយមានកន្លែងសម្រាប់ដើរកម្សាន្តជាច្រើនប្រទេសខុសៗគ្នា។ រាប់ចាប់ពីផ្សារទំនើប អគារ Twin Tower តំបន់សមុទ្រ និង តំបន់ភ្នំ ជាដើម។ កូឡាឡាំពួ ជាទីក្រុងរបស់ម៉ាឡេស៊ី ដែលជាទីប្រជុំជនយ៉ាងមមាញឹក មានផ្លូវថ្នល់ខ្វាត់ខ្វែង និង អគារខ្ពស់ៗកប់ពពក ជាមជ្ឍមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដ៏សំខាន់។
ខាងក្រោមនេះជាគោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងប្រទេសម៉ាឡេស៊ី ៖
១. កូឡាឡាំពួ
កូឡាឡាំពួ ជាទីក្រុងរបស់ម៉ាឡេស៊ី និង ជាទីក្រុងធំបំផុតប្រចាំប្រទេស។ វាត្រូវបានគេស្គាល់និងមានឈ្មោះល្បីល្បាញដោយសារតែ អគារ Petronas Twin Towers ដ៏ខ្ពស់ស្កឹមស្កៃ។ កូឡាឡាំពួ ជាទីតាំងសំខាន់ នៅពេលដែលភ្ញៀវទេសចរបរទេសទៅលេងម៉ាឡេស៊ី គឺមិនអាចរំលងបានឡើយទីក្រុងដ៏មមាញឹកមួយនេះ។
អគារជាច្រើននៅក្នុងទីក្រុង កូឡាឡាំពួ ខ្លះមានរចនាបថកាត់ទៅប៉ែកអឺរ៉ុបដោយសារសម័យអាណានិគម ខ្លះកាត់អាស៊ី និង ខ្លះទៀតជារចនាបថបែបប្រពៃណីជនជាតិម៉ាឡេ។ ទីក្រុងនេះក៏ជាទីតាំងដ៏ពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការដើរទំនិញ ដោយមានផ្សារទំនើប និង ហាងលក់ទំនិញ ជាង ៧០ទីតាំងឯណោះ។
២. George Town
George Town ជាទីក្រុងចំណាស់ធំជាងគេលំដាប់ទី ២ របស់ម៉ាឡេស៊ី ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេសស្កូ។ វាត្រូវបានគេដាក់ឈ្មោះថា “the food capital of Malaysia”។ ទីក្រុងនេះ ជាកន្លែងដែលប្រមូលផ្តុំទៅដោយអាហារតាមផ្លូវដ៏ពេញនិយមបំផុត នៅក្នុងទ្វីបអាស៊ី។
៣. Gunung Mulu National Park
ឧទ្យានជាតិរបស់ម៉ាឡេស៊ីនេះ បានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់តំបន់ នៅអាស៊ី។ វាជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ការដើរឡើងភ្នំ ការផ្សងព្រេងនៅរូងភ្នំ និង គយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរជាទីមនោរម្យ ក្រៃលែង។
៤. Kuantan
មានទីតាំងនៅជាប់នឹងសមុទ្រចិនខាងត្បូង មិនចម្លែកទេដែល Kuantan ជាតំបន់ពេញនិយមសម្រាប់ទេសភាពមាត់សមុទ្រ និង ឆ្នេរខ្សាច់។ មានឆ្នេរសមុទ្រស្អាតៗ ជាច្រើន ដូចជាឆ្នេរ Teluk Cempedak មានទីតាំងនៅជិតទីប្រជុំជន ដោយធ្វើដំណើរតែប៉ុន្មាននាទីប៉ុណ្ណោះ។ ចំណែកឆ្នេរ Cherating ក៏មានឆ្នេរខ្សាច់ស្អាត រួមទាំងភូមិវប្បធម៌សម្រាប់ភ្ញៀវទេសចរ ចង់សិក្សាស្វែងយល់បន្ថែមពីរបៀបរបបរស់នៅ នៅក្នុងតំបន់សមុទ្ររបស់ម៉ាឡេស៊ីនេះ។
៥. Perhentain Islands
Perhentain Islands ជាតំបន់ទេសចរណ៍កោះ ពេញនិយមបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ កោះនេះ មានខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រថ្លាឆ្វង់ អំណោយផលសម្រាប់ការមុជជ្រៅទៅកាន់បាតសមុទ្រ និង ការជិះទុកកាយ៉ាក់ លេងកម្សាន្តជាដើម។ ដោយសារតែកោះនេះ ស្ថិតនៅក្នុងដំណាក់ការកំពុងអភិវឌ្ឍន៍នៅឡើយ ដូច្នោះមិនមានសណ្នាគារធំៗលំដាប់ផ្កាយ ៥ និង ភោជនីយដ្ឋានប្រណិត នៅលើកោះនេះទេ។ ក្នុងករណីដែលភ្ញៀវទេសចរ ចង់បន្តស្នាក់នៅលើកោះ មួយយប់ ក៏មានផ្ទះសំណាក់ មួយចំនួននៅទីនោះផងដែរ៕