យោងតាមរបាយការណ៍ក្នុងការវាយតម្លៃរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងយ៉ាងរឹងមាំនៅឆ្នាំ២០២៤ ដែលជំរុញដោយការកើនឡើងនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។
ការវាយតម្លៃបឋមរបស់ AMRO ចេញផ្សាយបន្ទាប់ពីខ្លួនបានធ្វើទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ទី១៣ ខែឧសភា ឆ្នាំ២០២៤។ បេសកកម្មនេះត្រូវបានដឹកនាំដោយលោកបណ្ឌិត Jinho Choi សេដ្ឋកិច្ចវិទូ លោកនាយក Kouqing Li និងប្រធានសេដ្ឋវិទូ Hoe Ee Khor ។
លោក បណ្ឌិត Choi បានបញ្ជាក់ថា ៖«សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៦ ភាគរយនៅឆ្នាំ ២០២៤ និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ កើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។ ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ ការពង្រីកជានិរន្តរភាពក្នុងការនាំចេញផលិតកម្មផ្សេងទៀត និងការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នឹងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច» ។
ទោះជាយ៉ាងនេះក្តី ដំណើរនៃការងើបឡើងវិញអាចរងផលប៉ះពាល់ពីហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក ជាពិសេសការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃគុណភាពឥណទាន។ ជាមួយគ្នានេះ លោក Hoe Ee Khor ប្រធានសេដ្ឋកិច្ចវិទូរបស់ការិយាល័យ AMRO បានអោយដឹងដែរថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះដែរ AMRO ក៏បានគូសបញ្ជាក់ផងដែរថា ការពឹងផ្អែកជាបន្តបន្ទាប់របស់កម្ពុជាលើការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុក បណ្តាលឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃអ្នកប្រើប្រាស់។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះមកនៅត្រឹម ២,១ ភាគរយក្នុងឆ្នាំ ២០២៣ ពីកម្រិតខ្ពស់បំផុតនៃ ៧,៨ ភាគរយនៅក្នុងខែមិថុនា ឆ្នាំ ២០២២ ។ អត្រាអតិផរណានេះត្រូវបានព្យាករណ៍ថាមានក្នុងអត្រា២,៥ ភាគរយក្នុងឆ្នាំ ២០២៤ និង ២,៦ ភាគរយនៅឆ្នាំ ២០២៥ ។
ចំណែកលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦ភាគរយ នៅឆ្នាំ២០២៤នេះជាមួយនឹងកម្រិតសន្ទស្សន៍តម្លៃទំនិញ នៅកម្ពុជាស្ថិតនៅក្នុងរង្វង់២ភាគរយប៉ុណ្ណោះ។ ដែលលោកស្រីបណ្ឌិតបានថ្លែងក្នុងសិក្ខាសាលាមួយលកាលពីថ្ងៃទី២០ឧសភានេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។
លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។
«ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម»៕