ថ្មីៗនេះមានការផ្ទុះឡើងនូវវីដេអូ Trend ថតបង្ហាញអំពីការស្លៀកពាក់នៃវប្បធម៌របស់ប្រទេសនីមួយៗ ស្របជាមួយគ្នានេះដែរ យុវតីមួយរូប ឈ្មោះ លឹម សុណាលីស ក៏បានចូលរួមក្នុងការលេង Trend ដោយតុបតែងខ្លួនជាតួព្រះនាងមុនីមេខឡា ផ្ញើរជូនដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខណៈដែល Ashoka Make Up កំពុងមានការពេញនិយមពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមតិកតុក (TikTok) ទូទាំងពិភពលោក យុវតី លឹម សុណាលីស គឺជាអ្នកបង្កើតមាតិកានៅក្នុងបណ្តាញសង្គមហ្វេកប៊ុក (Facebook) បានបញ្ចេញវីដេអូជាមួយការតុបតែងខ្លួនតាមតួអង្គព្រះនាងមុនីមេខឡា អមជាមួយចម្រៀងតំណាងស្ត្រីខ្មែរ (ពីផលិតកម្ម Baramey Production) ដែលបានឆ្លុះបញ្ចាំងអំពីវប្បធម៌ ទំនៀមទម្លាប់ សម្លៀកបំពាក់ អត្តចរិតនៃនារីខ្មែរដ៏អង់អាច។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលកញ្ញាជ្រើសយកតួព្រះនាងមុនីមេខឡាជាតំណាង គឺដោយហេតុព្រះនាងបានយកឈ្នះអសុរាប្រៀបដូចជានារីទាំងអស់យកឈ្នះនូវភាពលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងមានការលើកទឹកចិត្តជាពិសេសជូននារីទាំងអស់កុំឱ្យមានការអស់សង្ឃឹម ប្រឹងប្រែង ពុះពារ ជម្នះឧបសគ្គនៅខាងមុខដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
នាងបានបន្តលើកឡើងថា ថ្វីត្បិតថា Trend មួយនេះគឺជាចំណុចដែលដាស់តឿនប្រជាជនទាំងអស់ឱ្យងាកមកចាប់អារម្មណ៍ជាមួយសិល្បៈខ្មែរក៏ពិតមែន ប៉ុន្តែនាងបានសូមថ្លែងអំណរគុណជូនដល់សិល្បករ និងសិល្បការីនីដទៃទៀតដែលតែងតែខិតខំប្រឹងប្រែងក្នុងការថែរក្សា និងអភិវឌ្ឍនូវវិស័យវប្បធម៌របាំបុរាណខ្មែរតាំងពីដើមមក។
បន្ថែមពីនេះ បើទោះបីការធ្វើវីដេអូមួយនេះមើលទៅហាក់ដូចជាមានទំនោរទៅតាមបរទេសក៏ពិតមែន ប៉ុន្តែនាងសង្ឃឹមថានេះក៏ជាការចូលរួមបង្ហាញវប្បធម៌ខ្មែរដ៏អស្ចារ្យទៅកាន់ពិភពលោកទាំងមូល។