La Plantation ជាចម្ការម្រេច ដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅ ខេត្តកំពត ប្រទេសកម្ពុជា។ ចម្ការម្រេចនេះ ក៏ជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជួយដល់វិស័យសេដ្ឋកិច្ច និង លើកតម្កើនជីវភាពរបស់ប្រជាជននៅតំបន់នោះ។ ថ្វីត្បិតតែមានចម្ការម្រេចមានច្រើននៅក្នុងខេត្តកំពត ប៉ុន្តែ La Plantation មានចំណុចពិសេសរៀបចំក្លាយទៅជាចម្ការបែបស្តង់ដារអន្តរជាតិ។
រឿងរ៉ាវកកើតឡើងនៃចម្ការម្រេច La Plantation ចាប់ផ្តើមនៅវេលាមួយ ដែលមានប្តីប្រពន្ធមួយគូ ជនជាតិប៊ែលហ្សិក បុរសជាប្តីមានឈ្មោះថា Guy និងស្រ្តីជាប្រពន្ធឈ្មោះ Nathalie បានសម្រេចមករស់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីចូលនិវត្តន៍ពីអាជីពការងារជាអ្នក IT។ នៅក្នុងឆ្នាំ 2013 ពួកគេបានបង្កើត project ចម្ការម្រេចនេះឡើង នៅលើដីទំនេរមួយកន្លែងក្នុងខេត្តកំពត។
ប្តីប្រពន្ធមួយគូនេះ បានចាប់ចិត្តស្រលាញ់ប្រទេសកម្ពុជាកាន់តែខ្លាំង ហើយបានផ្តួចផ្តើមបង្កើតគម្រោង សម្រាប់ការអភិវឌ្ឍន៍តំបន់ជនបទ និង ដើម្បីលើកស្ទួយជីវភាពប្រជាជននៅក្នុងសហគមន៍។ Project បង្កើតចម្ការម្រេចមួយលេចចេញជាផ្លែផ្កា នោះគឺ La Plantation ដើម្បីផ្សព្វផ្សាយដំណាំកសិកម្មរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាចូលរួមលើកតម្កើងកសិផល ម្រេចកំពត ឱ្យកាន់តែមានទីផ្សារខ្លាំងឡើងថែមទៀត។
សព្វថ្ងៃ La Plantation មិនត្រឹមតែជាចម្ការម្រេច ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាទីតាំងសម្រាប់ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម នៅក្នុងខេត្តកំពត។ ចម្ការនេះ ផលិតបាននូវម្រេចកំពត ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ។ ពួកគេបានច្នៃគ្រាប់ម្រេចស្រស់ លាយជាមួយនឹងអំបិលកំពត ចេញទៅជាផលិតផលកសិកម្មថ្មីមួយ ហៅថា “Fresh Salted Kampot Pepper”។
ដោយសារតែមានការគាំទ្រ និង មានអ្នកចង់ដឹងអំពីរសជាតិរបស់ម្រេចកំពតដ៏ល្បីល្បាញមួយនេះ La Plantation បានសម្រេចបើកជាហាងមួយនៅក្នុងទីក្រុងភ្នំពេញ សម្រាប់តាំងបង្ហាញនូវផលិតផលរបស់ពួកគេ ទៅដល់ភ្ញៀវទេសចរផងដែរ៕