ម្ចាស់ម្កុដ Miss Grand Cambodia 2023 ភឹម ស្រីនោ បានបំពេញតួនាទីជាបវរកញ្ញាតំណាងប្រទេសកម្ពុជា បានយ៉ាងល្អពេញមួយឆ្នាំ មុនពេលដែលផ្ទេរតំណែងនេះទៅឱ្យ Miss Grand Cambodia 2024 ប៊ី សុធារី។
ក្នុងនាមជាបវរកញ្ញាតំណាងប្រទេស ភឹម ស្រីនោ ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន មានទាំងអ្នកសរសើរផង និង អ្នករិះគន់ផង។ យ៉ាងណាមិញ លោកស្រី អុឺម សុគន្ធា ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia បានពោលសរសើរ ភឹម ស្រីនោ ពីការប្រឹងប្រែងអស់ពីសមត្ថភាព បំពេញតួនាទីពេញមួយឆ្នាំបានល្អបំផុត ហើយជាមនុស្សស្រីម្នាក់ដ៏រឹងមាំបំផុតនៅក្នុងកែវភ្នែកលោកស្រី។
លោកស្រី អ៊ឹម សុគន្ធា បានសង្កត់ធ្ងន់ថា ចរិកលក្ខណៈរបស់ Miss Grand Cambodia 2023 មិនខុសពីខ្លួនប៉ុន្មានទេ ដែលចូលចិត្តធ្វើអ្វីជាប្រយោជន៍រួមសម្រាប់ជាតិ ហើយជា Queen ម្នាក់ដ៏អស្ចារ្យសម្រាប់ខ្លួនជានិច្ច។ “អរគុណសម្រាប់គ្រប់យ៉ាងកូនពិតជា Queen ម្នាក់ដ៏អស្ចារ្យសំរាប់ម៉ាក់ជានិច្ច ទោះបីកូនបានផ្ទេរតំណែងក៏ដោយកូននៅតែជាក្មេងស្រីល្អរបស់ក្នុងបេះដូងម៉ាក់ជានិច្ច។” នេះជាពាក្យពេច៍ដែល អ៊ឹម សុគន្ធា បានលើកឡើងក្រោយពេលដែលកម្មវិធី Miss Grand បានរកឃើញម្ចាស់ម្កុដថ្មី។
គួរបញ្ជាក់ថា កម្មវិធីប្រកួតបរវកញ្ញាឯក Miss Grand Cambodia ទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ ដោយបានរកឃើញអ្នកជ័យលាភី គឺ ប៊ី សុធារី ដែលនឹងតំណាងកម្ពុជា នៅលើឆាកប្រកួតកម្មវិធី Miss Grand International ក៏ដូចជាកម្មវិធីដទៃផ្សេងទៀតលំដាប់អន្តរជាតិ នាពេលខាងមុខនេះ៕