ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ស្តីពី«កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា» កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
សម្រាប់ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹងជួយកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីពិភាក្សា ក៏ដូចជា ពិគ្រោះយោបល់ទាក់ទងនឹងបរិវត្តកម្មបៃតង និងនវានុវត្តន៍ឌីជីថល និងស្វែងរកឱកាសក្នុងដំណើរអភិវឌ្ឍន៍គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតងនៅប្រទេសកម្ពុជា នេះបើយោងទៅលើសេចក្តីប្រកាសរបស់ធនាគារជាតិចុះផ្សាយកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤។
ជាងនេះទៀត អនុស្សរណៈយោគយល់នេះក៏អនុញ្ញាតឱ្យមានការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ជុំវិញទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតងផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចូលរួមក្នុងក្របខណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (IGFWG) បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS) ក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance) អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង។
រួមជាមួយនោះ ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង ព្រមទាំងបានក្លាយជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២២ ផងដែរ៕