បើយោងតាមការបញ្ជាក់របស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅក្នុងវីដេអូ ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានចុះហត្ថលេខាទៅលើវិញ្ញាបនបត្រទទួលស្គាល់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានសរុបចំនួន ៨ គម្រោង នេះបើគិតត្រឹមខែ មេសា ឆ្នាំ២០២៤ ។
រួមជាមួយនោះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ដោយបានបន្តរៀបចំផែនការ និងជំរុញក្នុងការផ្សព្វផ្សាយទៅដល់ក្រុមហ៊ុនអ្នកវិនិយោគិនទាំងអស់ ដើម្បីមកធ្វើការចុះបញ្ជីអោយបានច្រើនបន្ថែមទៀត។ សម្រាប់ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ នឹងរំពឹងថាចំនួនអ្នកវិនិយោគមកចុះបញ្ជី ដោយមានការកើនឡើងនាឆ្នាំបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា វិនិយោគិន ដែលចង់វិនិយោគនៅខេត្តព្រះសីហនុ ដែលមានដើមទុនក្រោម ៥លានដុល្លារ អាចស្នើសុំមក អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុបាន។ ចំណែកគម្រោងវិនិយោគដែលមានទុន ចាប់ពី ៥ លានដុល្លារ ឡើងទៅ ត្រូវសុំសិទ្ធិវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ៕