កម្មវិធី REDSEA INTERNATIONAL FILM FESTIVAL គឺជាអង្គភាពឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ដែលបង្កើតឡើងដើម្បីគាំទ្រវិស័យឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត និងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញ និងគន្លឹះផលិតភាពយន្ត។ ជារៀងរាល់ឆ្នាំ កម្មវិធីមហោស្រពដែលមានរយៈពេល១០ថ្ងៃនេះ នឹងផ្ដល់វេទិកាឱ្យអ្នកផលិតភាពយន្តទាំងថ្មី និងចាស់ បានជួបគ្នា ដើម្បីជជែក ប្រឹក្សា និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីផលិតបានស្នាដៃមួយដ៏មានគុណភាព។
នៅឆ្នាំ២០២៣ នេះ កំពូលតារាសម្ដែងស្រីដ៏ល្បីនិងពេញនិយមប្រចាំព្រះរាជាណាចក្រកម្ពុជា តារាសម្ដែង ស៊ីន យូប៊ីន បានទទួលកិត្តិយសជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលមានវត្តមាននៅក្នុងកម្មវិធីមហោស្រពភាពយន្តដ៏ធំរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតគឺ REDSEA INTERNATIONAL FILM FESTIVAL 2023។ ព្រឹត្តិការណ៍នេះ មានរយៈពេល ១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ និងបានអញ្ជើញតារាសម្ដែងជួរមុខរបស់កម្ពុជារូបនេះ ឱ្យបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីមហោស្រពភាពយន្តដ៏ធំលំដាប់លើពិភពលោកនេះ ក៏មានវត្តមានចូលរួមពីតារាសម្ដែងភាពយន្ត ពីអាស៊ី អឺរ៉ុប និងហូលីវូដល្បីមកជួបជុំគ្នាជាច្រើនកុះករផងដែរ មានដូចជា Sharon Stone, Naomi Campbell, Halle Berry, Johnny Depp, Leonardo DiCaprio, Sofia Vergara, Mai Davikah, Apo Nattawin, Milephakphum ជាដើម។
ត្បិតការទទួលបាននូវកិត្តិយសដ៏ឧត្តុងឧត្តមក្នុងនាមជាសិល្បការិនីល្បីរបស់កម្ពុជាទៅចូលរួមក្នុងមហោស្រពដ៏ធំ REDSEA INTERNATIONAL FILM FESTIVAL 2023 គឺជាលើកទីមួយក្ដី តែមិនមែនជាលើកទីមួយឡើយសម្រាប់កញ្ញា ស៊ីន យូប៊ីន សម្រាប់ការបង្ហាញវត្តមាននៅក្នុងមហោស្រពភាពយន្ត ព្រោះកាលពីពាក់កណ្ដាលឆ្នាំ២០២៣ អ្នកគាំទ្រនៅចាំបានថាកញ្ញាក៏ធ្លាប់ត្រូវបានអញ្ជើញឱ្យចូលរួមដើរលើកម្រាលព្រំក្រហមនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ នាប្រទេសបារាំងផងដែរ។