ជាការចាំបាច់សំរាប់សុភាពស្ត្រីគ្រប់រូបដែលត្រូវមានអាវរ៉ូបពណ៌ខ្មៅនៅក្នុងទូសម្លៀកបំពាក់របស់អ្នកជាពិសេស។ ការណាត់ជួបការចូលរួមពិធីពិសារភោជនីយអាហារពេលល្ងាច ការដើរលេងកំសាន្តជាមួយនឹងមនុស្សជិតដិត ឬមួយសំរាប់ចូលរួមពិធីការ តែងរួមបញ្ចូលស្ទីលសម្លៀកបំបាក់ពណ៌ខ្មៅទៅតាមចំណង់ចំណូលចិត្តមនុស្សម្នាក់ ប៉ុន្តែអ្នកក៏គួរស្វែងយល់អំពីរបៀបក្នុងការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ពណ៌ខ្មៅទៅតាមលក្ខណៈរូបរាងកាយ ដើម្បីចៀសវាងភាពឆ្គាំឆ្គង ឬមិនសក្តិសម…។
ឡេឌីស៍នឹងជួយដល់មិត្តនារីទាំងឡាយ ដើម្បីជួយកាត់បន្ថយភាពលំបាកក្នុងការជ្រើសរើស សម្លៀកបំពាក់ ដែលតម្រូវទៅតាមរាងកាយដោយជម្រាបជូនអំពីប្រភេទសំលៀកបំពាក់ពណ៌ខ្មៅបែប ណាដើម្បីបង្កើនភាពស្រស់ស្អាតរបស់អ្នកដោយផ្អែកទៅតាមសណ្ឋាននៃទម្រង់រូបកាយរបស់អ្នកនោះ។
- សម្រាប់សុភាពនារីដែលមានដៃធំ ឬយារ
ប្រសិនបើអ្នកមានលក្ខណៈរូបរាងយ៉ាងដូច្នេះមែននោះ អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលមានដៃវែងពាក់កណ្តាល ឬពាក់អាវណាដែលលុបផុតមិនឱ្យឃើញស្មា។ ធ្វើយ៉ាងដូច្នេះប្រាកដជាពុំមាននរណាមានការចាប់អារម្មណ៍មកលើដៃរបស់អ្នកនោះទេ។ បន្ថែមលើសពីនេះទៅទៀតដើម្បីលាក់បំបាំងបញ្ហាលើផ្នែកណាមួយនៃដើមដៃរបស់អ្នក ចូរអ្នករកគ្រឿងលំអសំអាងអ្វីមួយនៅភ្ជាប់លម្អ ឬធ្វើឱ្យក្រណាត់ឱ្យមានជាស្នាមអង្កាញ់ៗជាដើម ប៉ុន្តែជៀសវាងដៃអាវធំពេក។
- សម្រាប់សុភាពនារីដែលមានបំពង់កខ្លី
ចំពោះបញ្ហាបែបនេះអ្នកគួរតែពាក់អាវ ឬរ៉ូបពណ៌ខ្មៅណាដែលមានកស្រួច ឬមូលជ្រៅ ព្រោះវាជាជម្រើសដ៏ល្អឥតខ្ចោះ ដោយសារតែម៉ូដនេះជួយបញ្ចៀសបានការចាប់អារម្មណ៍ពីបញ្ហារបស់អ្នក និងជួយធ្វើឱ្យករបស់អ្នកមើលទៅឃើញវែង។
- សម្រាប់សុភាពនារីដែលមានស្មាទូលាយ
ជាមួយនឹងសម្លៀកបំពាក់ណាដែលមានកស្រួច ឬកមូលជ្រៅគឺជាជម្រើសល្អបំផុត សម្រាប់អ្នកដែលមានស្មាទូលាយ ព្រោះម៉ូដកបែបនេះជួយធ្វើឱ្យមានដើមទ្រូងញែកពីគ្នាយ៉ាងស្រស់ស្អាត និងទាក់ទាញការចាប់អារម្មណ៍មកលើចំណុចកណ្តាលនៃដើមទ្រូងនេះ ដោយបញ្ចៀសការចាប់អារម្មណ៍ពីទំហំស្មារបស់អ្នក។ ចៀសវាងអាវដែលក ឬ គ្មានដៃ និងអាវដែលមានម៉ូដចងខ្សែ។
- សម្រាប់សុភាពនារីដែលមានស្មាតូចចង្អៀត ឬស្មាធ្លាក់
ការជ្រើសយកម៉ូដអាវ និងរ៉ូបមួយណាដែលមានម៉ូដកអាវបះឡើង គឺជាជម្រើសដ៏សក្តិសមបំផុត ដែលនាំឲ្យស្មារបស់អ្នកមើលទៅឃើញធំទូលាយជាងមុនទៅវិញ។
- សម្រាប់សុភាពនារីដែលមានដើមទ្រូងធំ
ចំពោះអ្នកដែលមានដើមទ្រូងធំអ្នកគួរតែពាក់អាវណាដែលមានកជ្រៅៗដូចជា កស្រួច ឬកមូលជ្រៅជាដើម ពីព្រោះអាវដែលមានកបែបនេះជួយកាត់បន្ថយដើមទ្រូងរបស់អ្នកឱ្យតូចជាងមុនហើយជាពិសេសទៅទៀត អ្នកគួរតែរកអាវណាដែលមានសាច់ក្រណាត់ស្តើងល្មម ប្រសិនបើអ្នកមិនចង់ឱ្យដើមទ្រូងរបស់អ្នកមើលទៅកាន់តែធំ។
- ចំពោះសុភាពនារីមានក្បាលពោះធំ ឬយារ
ដើម្បីបិទបាំងកុំឲ្យគេចាប់អារម្មណ៍នឹងក្បាលពោះដែលផុះមកទាំងដុំៗ អ្នកអាចប្រើប្រភេទក្រណាត់ដែលរលុងបន្តិច សូមចាំថា ចៀសវាងការប្រើសាច់ក្រណាត់ដែលរឹតជាប់នឹងដងខ្លួន។ អ្នកគួរតែរកសំលៀកបំពាក់ណាដែលមានចឹបរាងដើម្បីបង្ហាញឱ្យឃើញចង្កេះ និងត្រគាកហើយអ្នកក៏អាចប្រើប្រាស់ខោរឹបក្បាលពោះ ដែលអាចជួយធ្វើឱ្យក្បាលពោះរបស់អ្នកតូចជាងធម្មតាវិញ។
- សំរាប់ស្ត្រីដែលមានចង្កេះខ្លី
នារីដែលមានចង្កេះខ្លី ឬខ្នងខ្លី អ្នកគប្បីប្រើប្រាស់ខ្សែតូចៗ ឬខ្សែបូរក្រវាត់ចង្កេះស្តើងៗ វាអាចជួយឱ្យខ្នងរបស់អ្នកមើលទៅវែងជាងមុន។
- ចំពោះស្ត្រីដែលមានចង្កេះធ្លាក់
នារីដែលមានចង្កេះធ្លាក់អ្នកគួរតែប្រើខ្សែក្រវ៉ាត់ធំ បន្ថែមពីព្រោះវាជួយធ្វើឱ្យខ្នងរបស់អ្នកមើលទៅខ្លីជាងមុន និងជួយធ្វើឲ្យចង្កេះរបស់អ្នកឃើញសមាមាត្រនឹងដងខ្លួន។
- សំរាប់សុភាពនារីដែលមិនមានដើមទ្រូង
ប្រសិនបើអ្នកជាប្រភេទស្ត្រីដែលមានលក្ខណៈយ៉ាងដូច្នេះ ចូរអ្នកពាក់អាវទ្រនាប់ដែលមានជំនួយទ្រាប់សំឡីពីខាងក្នុង។ រីឯស្ត្រីដែលមានដើមទ្រូងទំហំមធ្យមវិញ គេអាចពាក់អាវណាដែលមានកមូល ឬកជិត និងអាវគ្មានដៃ។ ប្រសិនបើអ្នកចង់ឱ្យមើលឃើញស្មាធំបន្តិច អាចពាក់បន្ថែមអាវកាក់ខ្លីពីក្រៅបន្ថែមទៀតបាន។