លោកជំទាវវេជ្ជបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត លោកជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ជូនផងដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន បង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។
ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិត បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមា ប្រកប ដោយកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះការទទួលបានពានរង្វាន់ដ៏ពិសិដ្ឋនេះ។ លោកជំទាវបានបន្ថែមថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និងឆ្លុះបញ្ចាំងពីការលះបង់របស់លោកជំទាវតែម្នាក់ប៉ុណ្ណោះទេ តែថែមទាំងជាគុណតម្លៃតបស្នងដល់ស្វាមីរបស់លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កូនៗ, ឪពុក-ម្ដាយ, ក្រុមគ្រួសារ, មិត្តភក្ដិ និងសហការីទាំងអស់របស់លោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលតែងតែមានការជឿជាក់ និងចូលរួមគាំទ្រលោកជំទាវឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។