ការចិញ្ចឹមកូនៗក្នុងយុគសម័យបច្ចុប្បន្ននេះ មើលទៅហាក់បីដូចជាក្លាយទៅជាបញ្ហាចម្បងចំពោះមាតាបិតា ពួកគេតែងតែចោទសំណួរមកកាន់ខ្លួនឯងជារឿយៗថា តើវិធីសាស្រ្តក្នុងការចិញ្ចឹមកូនបែបណាខ្លះទៅ ដើម្បីឱ្យកូនៗពូកែ មានការអភិវឌ្ឍន៍ផ្នែកខួរក្បាលឱ្យឈ្លាសវៃ ព្រោះថាសង្គមសម័យនេះត្រូវការធនធានមនុស្សឆ្លាត មានភាពរហ័សរហួនវាងវៃ និងទាន់សម័យកាលទើបអាចរស់នៅប្រកបដោយសុខសុវត្ថិភាព បើទោះបីជាមានការផ្លាស់ប្តូរផ្នែកសេចដ្ឋកិច្ចនៅក្នុងបរិបទសង្គមបនិ្តចបន្តួចក៏ដោយ។
ជឿជាក់ថា បំណងប្រាថ្នាដែលមាតាបិតាគ្រប់រូបចង់បានពីកូនៗទាំងអស់ គឺមានតែមួយគត់ប៉ុណ្ណោះ គឺកូនៗក្លាយទៅជាមនុស្សល្អ ឆ្លាតឈ្លាសវៃ និងអាចរស់នៅដោយខ្លួនឯងនៅក្នុងដំណើរជីវិតរបស់ពួកគេនាថ្ងៃអនាគត។
ឡេឌីស៍ សូមពាំនាំនូវវិធីសាស្រ្តចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព ដើម្បីចែកជូនដល់មាតាបិតាទាំងឡាយសាកល្បងពិចារណា ដោយវិធីទាំងអស់នេះគឺផ្អែកទៅលើការពិតនៃជីវិតដែលមានចំណេះដឹងខាងការចិញ្ចឹមបីបាច់ថែទាំក្មេងៗ ហើយត្រូវបានរៀបរៀងទុកយ៉ាងគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោមនេះ ៖
វិធីសាស្ត្រវិជ្ជមាន ៖
- បើចិញ្ចឹមកូនដោយការទទួលយកនូវអ្វីៗដែលពួកគេមាន ពួកគេនឹងក្លាយជាមនុស្សដែលមានការពេញចិត្តចំពោះខ្លួនឯង
- បើចិញ្ចឹមកូនដោយការផ្តល់កម្លាំងចិត្តដល់ពួកគេ ពួកគេនឹងក្លាយទៅជាមនុស្សប្រកបដោយភាពជឿជាក់លើខ្លួនឯង
- បើចិញ្ចឹមកូនដោយភាពយុត្តិធម៌ ពិតណាស់ពួកគេនឹងក្លាយទៅជាមនុស្សមានចិត្តធម៌
- បើចិញ្ចឹមកូនដោយភាពជាមិត្ត ពួកគេនឹងមានសេចក្តីស្រឡាញ់ និងក្តីមេត្តាចំពោះមិត្តគ្រប់រូបដូចគ្នា
- បើចិញ្ចឹមកូនដោយសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ ពួកគេនឹងក្លាយជាមនុស្សដែលមានចិត្តសទ្ធាក្នុងជីវិត
- បើចិញ្ចឹមកូនដោយភាពឧស្សាហ៍ព្យាយាម ពួកគេនឹងក្លាយជាមនុស្សស៊ូទ្រាំអត់ធន់
- បើចិញ្ចឹមកូនដោយក្តីកោតសរសើរ កូនៗរបស់អ្នកនឹងក្លាយទៅជាមនុស្សដែលជ្រួតជ្រាបលក្នុងគុណតម្លៃល្អប្រសើរ
វិធីសាស្រ្តអវិជ្ជមាន ៖
- បើអ្នកចិញ្ចឹមកូនដោយការស្តីបន្ទោសនិន្ទា ពួកគេអាចនឹងក្លាយជាមនុស្សបរាជ័យក្នុងដំណើរជីវិត
- បើចិញ្ចឹមកូនដោយភាពច្រងេងច្រងាង ពួកគេពេញវ័យអាចនឹងក្លាយទៅចាមនុស្សកោងកាច សាហាវ និងព្រហើនមិនដឹងខុសមិនដឹងត្រូវ
- បើចិញ្ចឹមកូនដោយសេចក្តីខ្មាស់អៀនច្រើន ប្រាកដណាស់ពួកគេនឹងក្លាយទៅជាមនុស្សដែលខ្វះទំនុកចិត្តមកលើខ្លួនឯងជាក់ជាមិនខាន