ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ “Norovirus” ជូនប្រជាពលរដ្ឋទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន និងរក្សាអនាម័យជាប់លាប់ ដើម្បីបង្ការពីការចម្លងវីរុសនេះ។
វីរុសណូរ៉ូ «Norovirus » គឺជាវីរុសបង្កឱ្យមានការក្អួតចង្អោរ និងរាក ហើយយូរៗទៅនឹងវិវត្តទៅជា ជំងឺរលាកក្រពះ ឬរលាកក្រពះពោះវៀន។
អ្នកជំងឺដែលឆ្លងមេរោគនេះ នឹងបញ្ចេញរោគសញ្ញាចន្លោះពី 12 ទៅ 48 ម៉ោង បន្ទាប់ពីប៉ះពាល់នឹងមេរោគផ្ទាល់។
អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំ នៅជុំវិញសកលលោក វីរុសណូរ៉ូ មានករណីឆ្លងសរុប 685 លានករណី ស្លាប់ប្រមាណ 200,000 នាក់ ហើយនៅក្នុងនោះដែរ មាន 200លានករណី កើតលើកុមារអាយុក្រោម 5 ឆ្នាំ និងមានកុមារចំនួន 50,000 នាក់បានស្លាប់ដោយសារជំងឺនេះ។
ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្ដុំ ព្រោះថា អាកាសធាតុត្រជាក់មេរោគរស់បានយូរ ហើយរដូវត្រជាក់នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្សចុះខ្សោយខ្លាំង។
រោគសញ្ញានៃ វីរុសណូរ៉ូ
• ក្អួតចង្អោរ រាករូស ចុកពោះ ឈឺក្រពះ និងអាចមានអាការក្តៅខ្លួន ឈឺក្បាល ឈឺខ្លួនជាដើម។
ការចម្លង
• ការប៉ះពាល់ផ្ទាល់ជាមួយ អ្នកដែលមានផ្ទុកវីរុសណូរ៉ូ ដូចជា ការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារៈប្រើប្រាស់ និងមានទំនាក់ទំនងជិតស្និទ្ធជាដើម
• ទទួលទានអាហារ ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ
• ការប៉ះផ្ទាល់លើវត្ថុ ឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតក្នុងមាត់
• សូមចងចាំថា អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល 2 សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ
វិធីបង្ការ
• ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់
• សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
• កុំទទួលទានអាហារឆៅ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសអាហារសមុទ្រ (មេរោគនឹងស្លាប់នៅសីតុណ្ហភាពក្តៅលើសពី 60 អង្សាសេ)
• បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក
• ស្នាក់នៅផ្ទះពេលឈឺរយៈពេល 2 ថ្ងៃ (48 ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា
ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានទាន់ពេលវេលា និងទទួលការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យ ។