រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ (ស.ស.រ) បានរៀបចំពិធីសម្ពោធសៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា” បោះផ្សាយឡើងវិញ ដោយមានវត្តមានរបស់អ្នកនិពន្ធសៀវភៅ លោកស្រី ដានីញែល ហ្គេរេត៍ – Danielle Guéret។
សៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា” បានបោះពុម្ពផ្សាយលើកទីមួយ ក្នុងឆ្នាំ២០១៧ និងក្លាយជាឯកសារយោងមួយសម្រាប់អ្នកចាប់អារម្មណ៍ផ្នែកស្ថាបត្យកម្ម និងគំនូរលម្អ នៅតាមវត្តអារាម។ តាមរយៈការសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយ របស់លោកស្រី ដានីញែល និងលោក ដូមីនិក ហ្គេរេត៍ នៅក្នុងចន្លោះឆ្នាំ២០០៤ ដល់ ឆ្នាំ២០១៥ បានកត់ត្រានូវព័ត៌មានយ៉ាងលម្អិតពីផ្ទាំងគំនូរ និងស្ថាបត្យកម្មដ៏សម្បូរបែប តាមវត្តអារាមជាង ៣,០០០ ដែលកសាងឡើងនៅចន្លោះ ចុងសតវត្សទី១៩ ដល់ ឆ្នាំ១៩៧៣ ដោយក្នុងនោះវត្តជាង ២,០០០ បានថតផ្តិតយកជារូបភាព។
សៀវភៅនេះ បង្ហាញនូវផ្ទាំងគំនូរដ៏រស់រវើកជាងមួយរយផ្ទាំង រួមបញ្ចូលរឿងរ៉ាវព្រះពុទ្ធសាសនា លាយឡំនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងឆ្លុះបញ្ចាំងពីការវិវត្តនៃបច្ចេកវិទ្យា វប្បធម៌ នយោបាយ និងសង្គម ដែលផ្លាស់ប្តូរក្នុងសម័យកាលនីមួយៗ។

សូមជម្រាបជូបផងដែរ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងភ្ញៀវកិត្តិយសមកពីវិស័យវប្បធម៌ អប់រំ និងជួររាជរដ្ឋាភិបាល ដើម្បីអបអរសាទរចំពោះស្នាដៃដ៏ល្អអំពីបេតិកភណ្ឌបែបសាសនារបស់ប្រទេសកម្ពុជានេះ។

ខ្មែរ
English








