ពាក្យថា “ភាពស្រស់ស្អាតគឺចាប់ផ្តើមពីផ្នែកខាងក្នុង” គឺជាពាក្យមួយដ៏ត្រឹមត្រូវ សម្រស់ត្រូវបានយកចិត្តទុកដាក់រាប់តាំងពីផ្នែកខាងក្នុង រហូតមកផ្នែកខាងក្រៅ ដូច្នេះ សារធាតុចិញ្ចឹមមួយចំនួនពិតជាមានសារសំខាន់ណាស់សម្រាប់ស្រ្តី។
កង្វះវីតាមីន និងសារធាតុចិញ្ចឹមមួយចំនួន ពិតជាអាចលួចសម្រស់របស់ស្រ្តីបាន វាបំផ្លាញសុខភាពស្បែក សក់ និងក្រចកដោយមិនដឹងខ្លួន។
1. កង្វះជាតិស័ង្កសី
ប្រសិនបើអ្នកកត់សម្គាល់ឃើញចំណុចអុចពណ៌សៗនៅលើក្រចករបស់អ្នក នោះរាងកាយកំពុងបង្ហាញប្រាប់អ្នកនូវសញ្ញាណ កង្វះជាតិស័ង្កសី។ ជាតិស័ង្កសី ដើរតួយ៉ាងសំខាន់ក្នុងការជួសជុល និងបណ្តុះកោសិកា ព្រមទាំងជំនួយដល់មុខងារប្រព័ន្ធភាពស៊ាំ។
នៅពេលដែលរាងកាយខ្វះជាតិស័ង្កសី ឬស្ថិតនៅក្នុងកម្រិតទាប សុខភាពក្រចកក៏ធ្លាក់ចុះផងដែរ ធ្វើឱ្យក្រចកមានឡើងចំណុចពណ៌សៗ (ផ្កាក្រចក) ពាសពេញផ្ទៃក្រចក។
ដូច្នេះ អ្នកកយរបង្កើនការទទួលទានជាតិស័ង្កសីតាមរយៈប្រភេទអាហារមួយចំនួន ដូចជា គ្រាប់ល្ពៅ សណ្តែកសៀង និងសាច់គ្មានខ្លាញ់។
ប្រភេទអាហារបំប៉នក៏អាចជួយបានដែរ ប៉ុន្តែសូមចងចាំថា កុំប្រើប្រាស់ច្រើនពេក ព្រោះកាលណារាងកាយមានផ្ទុកជាតិស័ង្កសីច្រើន វាអាចរារាំងដំណើរការការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗទៀត។
2. កង្វះ Biotin
Biotin ឬវីតាមីន B7 ដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់ការផលិត Keratin សម្រាប់សុខភាពសក់រឹងមាំល្អ។ ប្រសិនបើរាងកាយគ្មានជាតិ Biotin គ្រប់គ្រាន់ទេ សក់នឹងប្រែជាផុយ ស្ងួត បែកចុង និងឆាប់ជ្រុះបំផុត។ ដើម្បីបង្ការបញ្ហានេះ សូមទទួលទានអាហារដែលសម្បូរទៅដោយជាតិ Biotin មានដូចជា ស៊ុត គ្រាប់អាល់ម៉ុន និង ស្ពៃ Spinach។
3. កង្វះជាតិដែក
ស្នាមប្រេះដែលកើតមាននៅជុំវិញបរិវេណជ្រុងមាត់ អាចជារោគសញ្ញាបង្ហាញអំពីកង្វះជាតិដែក។
ជាតិដែក មានតួនាទីសំខាន់សម្រាប់បញ្ជូនអុកស៊ីសែនទៅកាន់កោសិការបស់អ្នក និងរក្សាស្បែកឱ្យមានសុខភាពល្អ។ បើរាងកាយគ្មានសារជាតិដែកគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងប្រែជាស្ងួត គ្មានសំណើម ជាពិសេសនៅជុំវិញបបូរមាត់។
អាហារដែលសម្បូរជាតិដែក រួមមាន ស្ពៃ Spinach និងសាច់ក្រហម… សូមកុំភ្លេចផ្គូផ្គងអាហារទាំងអស់នេះជាមួយអាហារសម្បូរវីតាមីន C (ក្រូច) ដើម្បីបង្កើនការស្រូបយក។
4. កង្វះវីតាមីន K ឬវីតាមីន C
រង្វង់ខ្មៅដក់ជាប់នៅក្រោមភ្នែកអាចជាសញ្ញាបង្ហាញថា អ្នកកមបុងខ្វះ វីតាមីន K ហើយ ព្រោះវីតាមីននេះ បានជួយដល់ចរន្តឈាម ខណៈពេលដែលវីតាមីន C ជួយពង្រឹងសរសៃឈាម និងបង្កើនកូឡាជែនក្នុងរាងកាយ។ កាលណាអ្នកខ្វះវីតាមីនទាំង 2 ប្រភេទនេះ រង្វង់ភ្នែកនឹងប្រែពណ៌ខ្មៅ ឬមានសភាពស្តើង ។
ដើម្បីបំបាត់រង្វង់ភ្នែកខ្មៅ ចូរទទួលអាហារសម្បូរដោយវីតាមីន K ដូចជាបន្លែស្លឹកបៃតង និងផ្កាខាត់ណា… រីឯប្រភពវីតាមីន C អ្នកអាចរកបាននៅក្នុង ផ្លែក្រូច និងផ្លែស្ត្របឺរីជាដើម។ ការរក្សាជាតិទឹក និងគេងឱ្យបានគ្រប់គ្រាន់ក៏អាចជួយសម្រួលផងដែរ។
5. កង្វះអូមេហ្គា 3
កង្វះអូមេហ្គា 3 អាចនាំឱ្យកើតមានបញ្ហាស្ងួតសក់ និងរលាកស្បែកក្បាល និងកើតអង្គែក្នុងស្ថានភាពធ្ងន់ធ្ងរ។ ត្រូវប្រាកដថាអ្នកទទួលទានពពួកអាហារផ្ទុក Omega-3 ឱ្យបានគ្រប់គ្រាន់ ដូចជាត្រីខ្លាញ់ គ្រាប់ Flax និង គ្រាប់ Walnut ព្រោះសារធាតុចិញ្ចឹមទាំងនេះជួយផ្តល់សំណើមដល់ស្បែកក្បាល និងកាត់បន្ថយការរលាកបានយ៉ាងមានប្រសិទ្ធិភាព។