ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានជួបគ្នាដើម្បីពិភាក្សាលើកកិច្ចការមួយចំនួន ដោយបារាំងនឹងបន្តវិនិយោគលើវិស័យទឹកស្អាត និងគ្រោងផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
នៅក្នុងជំនួបនេះ ដែលមានការចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសា ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី ម៉ារី ហេលេនល័រហ្សុង ជាគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា ពិសេសក្នុងវិស័យទឹកស្អាត ដែលធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងរយៈពេលជាង៣ទស្សវត្សរ៍កន្លងមកនេះ AFD បានគាំទ្រកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ AFD បានបង្ហាញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគឺជាគោលដៅចម្បងមួយរបស់ AFD នៅកម្ពុជា សំដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ដោយបានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចាំបាច់សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំងបណ្តាញចែកចាយ និងរោងចក្រប្រព្រឹត្តិកម្មទឹ កស្អាតជាដើម។
នៅក្នុងការសហការផ្តល់ហិរញ្ញប្បទានបៃតងដែល AFD កំពុងអនុវត្តតាមរយៈក្រុមហ៊ុន Propaco ដើម្បីបង្កើនលទ្ធភាបទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។
នៅក្នុងនោះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង គឺបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យទឹកស្អាត ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ តម្រូវការរក្សាធនធានទឹកគឺជាកត្តាសំខាន់ ហើយកិច្ចសហការលើវិស័យទឹកស្អាត ពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ព្រោះវាមិនត្រឹមតែទ្រទ្រង់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាការរក្សាប្រព័ន្ធអេកូឡូស៊ី និងការគិតគូដល់បរិស្ថានផងដែរ។
ក្រសួងឧស្សាហកម្ម វិទ្យាសា ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យ AFD បន្តជួយពង្រឹងសមត្ថភាពរដ្ឋាករទឹក ដើម្បីឈានដល់ការផ្តល់ សេវាគ្រប់ ដណ្តប់ទូទាំងប្រទេស ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបណ្តារាជធានី-ខេត្ត និងរៀបចំផែនការមេទឹកស្អាតសម្រាប់ខេត្តនីមួយៗ។ ក្នុងក្របខណ្ឌហិរញ្ញប្បទានបៃតង ដោយក្រសួងបានស្នើឱ្យ AFD ពិនិត្យលទ្ធភាព ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈកិច្ចសហកា រជាមួយសហគ្រិនខ្មែរ ដោយសង្កត់ធ្ងន់ថា ហិរញ្ញប្បទានជាកាតាលីករស ម្រាប់ការរីកធំធាត់ពីសហគ្រាសធុនតូច ទៅមធ្យម និងបន្តទៅជាសហគ្រាសធំៗ។
ទន្ទឹមនឹងនោះ វាក៏ជួយសហគ្រាសឱ្យចាប់យកបច្ចេកវិទ្យាបៃតង កាត់បន្ថយការបំភាយ និងផ្លាស់ប្តូរទៅរកការអនុវត្តអាជីកម្មដែលកាន់តែមាននិរន្តរភាព។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ AFD សហការជាមួយក្រសួង លើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធគុណភាពជាតិ ដើម្បីបង្កើនលទ្ធភាពរបស់កម្ពុជា ក្នុងការនាំផលិតផលទៅលក់ នៅទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ៕