ក្រុមហ៊ុនកូរ៉េធំៗចំនួនពីរនឹងធ្វើការបណ្តាក់ទុនវិនិយោគខ្ទង់ប្រមាណ ១០០លានដុល្លារដើម្បីកែច្នៃសម្រាប សម្រាប់ផលិតថាមពលអគ្គិសនីនៅកម្ពុជា។ ការវិនិយោគនេះរំពឹងថា នឹងធ្វើអោយតំលៃអគ្គិសនីកាន់តែប្រកួតប្រជែង និងចូលរួមលើកកម្ពស់ការការពារ និងស្តាបរិស្ថានផងដែរ។
នៅក្នុងគម្រោងវិនិយោគនេះ ដោយមានក្រុមហ៊ុន HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកតាបណ្ឌិត កុល ផេង ដើម្បីចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម កាលពីព្រឹកថ្ងៃចន្ទ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ ក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោនក្នុងមួយថ្ងៃ។ ការបង្កើតរោងចក្រអគ្គិសនីការកែច្នៃសំរាមនេះ នឹងជួយបំពេញការខ្វះខាតភ្លើង និងបន្ធូបន្ថយតំលៃអគ្គិសនីនៅក្នុងតំបន់ ដែលក្រុមហ៊ុនដាក់ទីតាំងវិនិយោគនោះ ហើយវាក៏កំពុងរួមចំណែកលើកកម្ពស់ បរិស្ថាន និងថាមពលស្អាតនៅប្រទេសកម្ពុជា។
នៅក្នុងជំនួបជាមួយក្រុមហ៊ុនកូរ៉េ កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចង្អុលបង្ហាញថា ក្រុមហ៊ុនអាចជ្រើសរើសខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ឬក៏ខេត្តបាត់ដំបង ដើម្បីតំឡើងរោងចក្រអគ្គិសនីរបស់ខ្លួន។ នៅក្នុងនោះផងដែរក្រុមហ៊ុនកូរ៉េនឹងសិក្សាបន្ថែម ទៅលើទីតាំង និងពេលវេលាសាងសង់ និងតំណើរការរោងចក្រ។
បច្ចុបន្បន្នប្រទេសកម្ពុជា មានសំណល់សំរាមរហូតទៅដល់ ១មុឺនតោននៅក្នុងមួយថ្ងៃទូទាំងប្រទេស ក្នុងនោះចន្លោះពី ៧០% ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលានគំនសំរាម ហើយមានបរិមាណតែ ២០% ប៉ុណ្ណោះ ដែលត្រូវបានយកទៅកែច្នៃឡើងវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ប្រសិនបើគម្រោងវិនិយោគថាមពលអគ្គិសនី ពីការកែច្នៃសំរាម របស់ក្រុមហ៊ុនកូរ៉េបានជោគជ័យ គម្រោងនេះនឹងចូលរួមកាត់បន្ថយសំណល់នៅក្នុងទីលានចាក់សំរាមបាន ៨០% ។
នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC)បានលើកឡើងថា កម្ពុជាត្រូវការការវិនិយោគការកែច្នៃសំរាម ទៅជាអគ្គិសនីច្រើនថែមទៀត ហើយដើម្បីទាក់ទាញការវិនិយោគនេះបាន លុះណាតែកម្ពុជា ចាត់ចែងការបែងចែកសំរាមអោយបានល្អទៅតាមប្រភេទ ដែលទាមទាអោយមានការចូលរួមពីរដ្ឋាភិបាល ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ។ លោកបានបន្តថា ក្រុមហ៊ុនមួយចំនួនស្ទាក់ស្ទើរមិនហ៊ានបោះទុនដោយសារតែបញ្ហាញែកសំរាមនេះ ហើយបើកម្ពុជាមិនដោះស្រាយទេ កម្ពុជានឹងពិបាកឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ផងដែរ៕