ប្រទេសកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីដ៏រស់រវើកនៅទូទាំងប្រទេស ដោយរួមបញ្ចូលការកម្សាន្តបែបសហសម័យជាមួយនឹងភាពទាក់ទាញបែបប្រពៃណី សម្រាប់ស្វាគមន៍ឆ្នាំ ២០២៥។
រាជធានីភ្នំពេញ នៅតំបន់ខាងមុខព្រះបរមរាជវាំង នឹងធ្វើប្រារព្ធពិធីបេះដូងនៃព្រឹត្តិការណ៍នៅថ្ងៃទី៣១ ខែធ្នូ ក្រោមប្រធានបទ “សាទរកម្ពុជា” ដោយប្រែក្លាយលំហរនេះទៅជាមជ្ឈមណ្ឌលដ៏រស់រវើក ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក នឹងត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពី អរិយធម៌ វប្បធម៌ ប្រពៃណីខ្មែរ ដ៏សម្បូរបែប និងបើកឲ្យមានការចូលរួមដោយសេរីពីសាធារណជន ក៏ដូចជាការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី ៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
នៅតំបន់ឆ្នេរ នឹងមានការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំក្នុង ខេត្តព្រះសីហនុ នៅឆ្នេតេជោសន្តិភាព ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល នៅថ្ងៃទី 31 ខែធ្នូ។ ការប្រគុំតន្រ្តី និងការសម្តែងប្រពៃណីខ្មែរ ពិធីបុណ្យបង្ហោះគោមដ៏គួរឱ្យទាក់ទាញ និងម្ហូបអាហារតាមស្តង់ ផ្តល់ជូននូវម្ហូបខ្មែរពិតៗ ដើម្បីញ៉ាំងបរិយាកាសឆ្លងឆ្នាំឲ្យកាន់តែរីករាយ។
ទន្ទឹមនឹងនោះ នៅក្នុងខេត្តបាត់ដំបងឯណោះវិញ ក៏មានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយរង់ចាំអ្នកដូចគ្នា។ បាត់ដំបងនឹងបង្ហាញវត្តមានដ៏ពិសេសមួយសម្រាប់ឆ្នាំថ្មី ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារនៅមុខសារមន្ទីរប្រវត្តិសាស្ត្រចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។ អ្នកទាំងអស់គ្នាអាចចូលរួមកម្សាន្តដ៏រីករាយ នឹងភ្លក់រសជាតិអាហារក្នុងស្រុក និងអន្តរជាតិជាច្រើន។
សៀមរាបក៏កំពុងត្រៀមខ្លួនសម្រាប់លំហូរភ្ញៀវទេសចរផងដែរ។ រដ្ឋបាលក្រុងកំពុងពង្រឹងភាពទាក់ទាញរបស់ខ្លួន តាមរយៈការតុបតែងផ្លូវ ដំឡើងភ្លើងបំភ្លឺសាធារណៈ និងលម្អស្ពានព្រះបរមរាជវាំង ជាមួយនឹងភ្លើងចម្រុះពណ៌ ជាពិសេសនៅតាមដងទន្លេ និងផ្លូវនានា បង្កើតបរិយាកាសពេលយប់ដ៏គួរឱ្យភ្ញាក់ផ្អើល។
ចំណែកខេត្តផ្សេងទៀតក៏បានត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចររួចជាស្រេចផងដែរ។ កម្ពុជាស្វាគមន៍ឆ្នាំថ្មីដោយបើកដៃឲ្យមានការប្រារព្ធពិធីចម្រុះនៅទូទាំងប្រទេស។ មិនថាអ្នកមានទំនោរចិត្តនៅក្នុងទីក្រុង ឬចង់ស្វែងរកបរិយាកាសស្ងប់ស្ងាត់នៃឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ឬទីក្រុងបវប្បធម៌ដូចខេត្តបាត់ដំបង អ្នកនឹងទទួលបាននូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប និងការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។