ជាតិដែក គឺជាសារធាតុរ៉ែមួយដ៏សំខាន់ក្នុងការរក្សាឈាមនៅក្នុងរាងកាយយើងឱ្យមានសុខភាពល្អ។ រ៉ែមួយប្រភេទនេះជាសមាសធាតុសំខាន់របស់ Hemoglobin ដែលជាប្រភេទប្រូតេអ៊ីនម្យ៉ាងនៅក្នុងកោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ក្រៅពីនេះ ជាតិដែកក៏មានសារសំខាន់សម្រាប់ការលូតលាស់ខួរក្បាលប្រកបដោយសុខភាពល្អសម្រាប់កុមារ ហើយក៏ជួយដល់ដំណើរការផ្សេងៗនៃកោសិការាងកាយ និងអ័រម៉ូនផងដែរ។
រាងកាយយើងត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់ជាលិកាក្នុងខ្លួន។ យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈការទទួលទានអាហារសម្បូរជាតិដែក ហើយខាងក្រោមនេះគឺជាអាហារប្រភេទសាច់ទាំង ៣ នេះដែលសម្បូរទៅដោយជាតិដែក និងជាតិប្រូទេអ៊ីនសម្រាប់ដំណើរការរាងកាយប្រក្រតី។
សាច់ទាំងបីប្រភេទនេះមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុក វីតាមីន B12 ស័ង្កសី និងប៉ូតាស្យូមខ្ពស់ទៀត។ គួរបញ្ជាក់ថា ប្រូតេអ៊ីនមានតួនាទីពង្រឹងសាច់ដុំនិងបង្កើតម៉ាសសាច់ដុំ ចំណែកវីតាមីន B12 ជួយឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ ផ្តល់ថាមពលដល់រាងកាយ។
សាច់គោ
ជាប្រភេទសាច់ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយត្រូវបានគេពេញនិយមក្នុងការទទួលទាន ប៉ុន្តែអ្វីដែលមិនគួររំលងនោះគឺ អ្នកត្រូវដឹងថាសាច់គោសម្បូរទៅដោយជាតិដែក និងសារធាតុចិញ្ចឹមដល់រាងកាយជាច្រើន ព្រមទាំងផ្តល់នូវថាមពលគ្រប់គ្រាន់។ ក្នុងសាច់គោ ១០០ ក្រាមមាន ៖
• ជាតិដែក ១,៩ មីលីក្រាម
• ប្រូតេអ៊ីន ១,៧ ក្រាម
• វីតាមីន B12 ២,១ មីក្រូក្រាម
• ស័ង្កសី ៤,២ មីលីក្រាម
• ប៉ូតាស្យូម ២៥០ មីលីក្រាម
សាច់ជ្រូក
ជាប្រភេទសាច់ដែលប្រជាជនកម្ពុជានិយមទទួលទានរាល់ថ្ងៃជារបបម្ហូបអាហារ ប៉ុន្តែសាច់ជ្រូកក៏ជាប្រភេទអាហារសាច់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិដែកដែលរាងកាយអ្នកត្រូវការជាចាំបាច់។ ក្នុងសាច់ជ្រូក ១០០ ក្រាមមាន ៖
• ជាតិដែក ០,៩ មីលីក្រាម
• ប្រូតេអ៊ីន ១៦,៩ ក្រាម
• វីតាមីន B12 ០,៧ មីក្រូក្រាម
• ស័ង្កសី ២,២ មីលីក្រាម
• ប៉ូតាស្យូម ២៨៧ មីលីក្រាម
សាច់មាន់
ជាប្រភេទសាច់ដែលងាយស្រួលចម្អិនខ្លាំងបំផុត ហើយគេអាចយកជាទៅចម្អិន ឬទទួលទានផ្ទាប់ជាមួយម្ហូបដទៃទៀតបានដូចគ្នា។ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ សាច់មាន់ក៏សម្បូរទៅដោយជាតិដែកផងដែរ។ ក្នុងសាច់មាន់ ១០០ ក្រាមមាន ៖
• ជាតិដែក ០,៨ មីលីក្រាម
• ប្រូតេអ៊ីន ១៧,៤ ក្រាម
• វីតាមីន B12 ០,៦ មីក្រូក្រាម
• ស័ង្កសី ១,៥ មីលីក្រាម
• ប៉ូតាស្យូម ៥២២ មីលីក្រាម