ភ្ញៀវទេសចរបរទេសចំនួនជិត ៧០ ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជួយឱ្យគ្រឹះស្ថានអង្គរប្រមូលប្រាក់បានជាង ៣២ លានដុល្លារក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤ កើនឡើងជាង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ រួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ មានភ្ញៀវបរទេស ៦៩៩ ៨៥០ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយចំនួននេះបានកើនឡើង ២៩,៧១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំណែកទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រ មានសរុប ៣២,៥២ លានដុល្លារ កើនឡើង ៣០,៣២ ភាគរយ។
បើយោងតាម គ្រឹះស្ថានអង្គរ ក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបាន ២០៨ ០៥០ ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកែរ, និង ៥៥៣ ៤៥៣ ដុល្លាពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស(ខេត្តសៀមរាប)។
ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ មានសរុប ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ភាគរយ។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវ ១៤ ៨០៦នាក់ ស្មើនឹងប្រាក់ ២២២ ០៩០ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់ប្រាសាទកោះកែរ, និងប្រាក់ចំនួន ៥៦៤ ៦៧១ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ៕