ក្រសួងទេសចរណ៍ នឹងរៀបចំ “វេទិកាផ្គូរផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិកម្ពុជា-ចិន ឆ្នាំ២០២៥” នៅខេត្តសៀមរាប ដើម្បីជួយជម្រុញការផ្សព្វផ្សាយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុនទេសចរណ៍ឈានមុខនៃប្រទេសចិន មកពីទីក្រុងសំខាន់ៗដូចជា ស៊ិនជិន គួយលីង សៀងហៃ ណាននីញ និងទីក្រុងដទៃផ្សេងទៀត រួមទាំងក្រុមហ៊ុនឯកជននៃប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិផងដែរ។
វេទិកាដ៏អស្ចារ្យនេះ នឹងរួមបញ្ចូលកម្មវីធីទស្សនកិច្ច សម្រាប់ប្រតិភូអ្នកទិញ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) ល្បីៗ មកពីប្រទេសចិន ដើម្បីជម្រុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ក៏ដូចជាទីផ្សារអន្តរជាតិទាំងមូលឱ្យកាន់តែទូលំទូលាយ។

ដំណើរទស្សនកិច្ចទាំងនេះមានគោលបំណងបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខេត្តសៀមរាប និងគោលដៅសំខាន់ៗផ្សេងទៀត ដោយបង្កើនភាពភាពទាក់ទាញរបស់ប្រទេសកម្ពុជានៅទូទាំងទីផ្សារទេសចរណ៍ចិន និងអន្តរជាតិមុនរដូវកាលទេសចរណ៍ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍ក៏អំពាវនាវឱ្យសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អ្នកសារព័ត៌មាន ភ្ញៀវជាតិ អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមវេទិកានេះឱ្យបានច្រើនកុះករ ដើម្បីបង្កើនការផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទេសចរណ៍ កម្ពុជា-ចិន។

ខ្មែរ
English







