ប្រមុខការទូតកម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាពន្លឿនការអនុវត្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងការចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការការសហគ្រាសធុនតូច និងធម្យម។
រួមជាមួយនោះ ប្រទេសទាំងពីរ បានឯកភាពគ្នាពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីពាណិជ្ជកម្មអង្ករ ព្រមទាំងឯកភាពគ្នាជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២២ សីហា ឆ្នាំ២០២៤។
ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឥណ្ឌូណេស៊ី នាថ្ងៃទី២១ សីហា នៅរាជធានីភ្នំពេញ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។
ក្នុងនោះ កម្ពុជា-ឥណ្ឌូណេស៊ី ក៏បានឯកភាពជំរុញឱ្យបញ្ចប់ការពិភាក្សា MoU ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌, បន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តជ្វាកណ្ដាល, និងបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងកោះសូម៉ាត្រាខាងលិច។
សូមជម្រាបថា ក្នុងរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២៤ ពីខែមករា ដល់ខែកក្កដា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានជាង៦៦៤លានដុល្លារ ធ្លាក់ចុះ១ភាគរយ។ ក្នុងនោះ ការនាំចេញមានជាង៦២លានដុល្លារ កើន១៥៥ភាគរយ ខណៈការនាំចូលមានជាង៦០១លានដុល្លារ ធ្លាក់ចុះ៦,៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕