កម្មវិធីសំណេរអង្គរលើកទី៣ ដែលគ្រោងប្រព្រឹត្តនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយអក្សរសាស្ត្រខ្មែរ និងបង្ហាញតំបន់អង្គរ ដែលជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោក។
សម្រាប់ការប្រកួតសំណេរអង្គរលើកទី៣នេះ ក្រុមអ្នករៀបចំកម្មវិធីចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយកំណត់យកចំនួនអ្នកចូលរួមប្រកួត ១,៥០០នាក់ ដែលជាចំនួនលើសពីឆ្នាំមុនប្រហែល ៣០០នាក់ ខណៈកាលពីឆ្នាំមុនមានចំនួន ១,២០០នាក់។
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានបញ្ជាក់ថា ក្រុមអ្នករៀបចំកម្មវិធី នឹងអញ្ជើញអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ និងអ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស និងជាសាក្សីក្នុងកម្មវិធី។ ចំពោះការប្រកួតសំណេរអង្គរលើកទី៣ នឹងមានឥស្សរជនមួយរូប ដែលមានជំនាញខាងអក្សរសាស្រ្តខ្មែរ ជាអ្នកអានអត្ថបទសំណេរ សម្រាប់បេក្ខជនសរសេរតាម។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺបើកចំហសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសគ្រប់វ័យ ភេទ និងប្រវត្តិ។ អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយផ្អែកលើសមត្ថភាពសរសេរភាសាខ្មែរប្រកបដោយភាពត្រឹមត្រូវបំផុត។
សូមបញ្ជាក់ផងដែរថា កម្មវិធីសំណេរអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានគោលបំណងជម្រុញការសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់អក្ខរាវិរុទ្ធដែលបានបង្កើតឡើង និងដើម្បីផ្តល់រង្វាន់ដល់ទេពកោសល្យពិសេស។