កសិដ្ឋានសូត្រ (Angkor Silk Farm) ដែលមានទីតាំងនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានចាប់ផ្តើមបើកដំណើរការឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល៤ឆ្នាំ ដោយសារកូវិដ១៩ ក្នុងគោលបំណង ដើម្បីធ្វើឱ្យបេតិកភណ្ឌវប្បធម៌ខ្មែរមានភាពរីក ចម្រើន ថែមទាំងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាដែលរស់នៅតាមតំបន់ជនបទ ហើយក៏ជា កន្លែងសម្រាប់ភ្ញៀវទេសចរទាំងអស់ អាចចូលទស្សនានិងឈ្វេងយល់ពីដំណាក់កាល ផ្សេងៗនៃដំណើរការផលិតសូត្រ ចាប់តាំងពីការស្រាវសូត្រចេញពីសំបុកដង្កូវ នាងរហូតផលិតបានទៅជាកន្សែងសូត្រ រួមជាមួយសារមន្ទីរសូត្រ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរទាំងអស់ក៏អាចជាវនូវវត្ថុអនុស្សារីយ៍ សម្លៀកបំពាក់ កន្សែងក្រមា និងផលិតផលផ្សេងៗជាច្រើនទៀត ដែលជាផលិតផលចេញពីកសិដ្ឋាននោះផងដែរ។

លោក ប៉ាវ អៀងឃ័ង នាយកសិប្បកម្មសូត្រ ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះថា កសិដ្ឋានសូត្រនៅស្រុកពួកនេះ បានបើកដំណើរ ការចាប់ពីឆ្នាំ១៩៩៤ ក្នុងរូបភាពតូច រហូតបានបង្កើតមជ្ឈមណ្ឌលតម្បាញ ជាចំណែក មួយក្នុងការចូលរួមថែរក្សាកេរដំណែលវប្បធម៌ និងសិប្បកម្មបុរាណរបស់កម្ពុជា ដោយបានផ្តល់ការងារដល់ប្រជាជនកម្ពុជានៅតំបន់នេះរហូតដល់ទៅ៤០០នាក់។ ប៉ុន្តែ ដោយសារតែការរាត្បាតនៃមេរោគកូវិដ១៩ បានធ្វើឱ្យកសិដ្ឋានសូត្រនេះបាន បិទទាំងស្រុងអស់រយៈពេល៤ឆ្នាំ។ រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ កសិដ្ឋានសូត្រនេះ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ដោយបានផ្តល់ការងារឱ្យ បុគ្គលិកបម្រើការងារពីមុនៗមក ក្នុងជំហានដំបូងនេះបានត្រឹមតែ១៨០នាក់ប៉ុណ្ណោះ។
លោកបានបន្តថា ការបើកដំណើរការវិញក្នុងជំហានដំបូងនេះ មានចង្វាក់ផលិកម្ម ការដាំដើមមន ចញ្ចិមដង្កូវនាង ស្រាវសូត្រ តម្បាញសូត្រ កាត់ដេរសូត្រ។ ហើយការ សម្រេចបើកដំណើរការកសិដ្ឋានសូត្រនេះឡើងវិញ ដើម្បីការពារបេតិកភណ្ឌសូត្រខ្មែរយើង ឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ បានឃើញពីសកម្មភាពតម្បាញដោយដៃ និងជាការផ្តល់ការងារបុគ្គលិកចាស់ៗមានការងារធ្វើឡើងវិញ មានប្រាក់ចំណូលសម្រាប់ ផ្គត់ផ្គង់គ្រួសារ និងជាការបន្តជំនាញមរតករបស់ដូនតាខ្មែរយើង។
លោក ប៉ាវ អៀងឃ័ង បានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជួយគាំទ្រសូត្រ ខ្មែរ ដែលផលិតដោយសិប្បករ នៅកសិដ្ឋានសូត្រស្រុកពួកនេះ ឱ្យដំណើរការបានល្អឡើងវិញ ដើម្បីឱ្យបុគ្គលិកចាស់ទាំងជាង៤០០នាក់អាចទទួលបានការងារធ្វើ និងទទួលបានប្រាក់ ចំណូលប្រចាំខែឡើងវិញ។ សម្រាប់ជាការស្វាគមន៍មជ្ឈមណ្ឌលតម្បាញសូត្រពួក ខេត្តសៀមរាប បានប្រកាសបើកឱ្យភ្ញៀវទេសចរ ចូលទស្សនាដោយឥតគិតថ្លៃរយៈ ពេល ១ខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕
Source ៖ AKP