អាយុ ដែលកុមារគួរចាប់ផ្តើមចូលសាលារៀនដើម្បីក្រេបនូវចំណេះដឹង មានភាពផ្សេងៗគ្នាទៅតាមប្រព័ន្ធអប់រំ និងប្រទេសជាតិ។ ប៉ុន្តែ ជាទូទៅការកំណត់ឱ្យកុមារចូលសាលារៀន ជាមធ្យមគឺនៅអាយុ ៥ ឬ ៦ ឆ្នាំ។ នៅអាយុនេះ ខួរក្បាលកុមារមានការអភិវឌ្ឍន៍បន្ថែម ចង់ចេះចង់ដឹង ឬអាចឱ្យពួកគេសម្របខ្លួនទៅនឹងបរិបទសង្គមខាងក្រៅ (ឆ្ងាយពី មាតាបិតា) និងជាកម្រិតវប្បធម៌នៃការអប់រំបឋមវ័យ។ ថ្នាក់សិក្សានេះ គេហៅថាថ្នាក់មត្តេយ្យ ឬថ្នាក់សិក្សាដំបូង។
នៅពេលដែលកុមារគ្រប់អាយុចូលរៀន នោះមានន័យថា ពួកគេកាន់តែធំទៅៗហើយ។
ការបញ្ជូនកូនទៅសាលារៀន ក្នុងកម្រិតអាយុដ៏ត្រឹមត្រូវមួយ អាចឲ្យកូនឆាប់ទទួលបានអប់រំ និងទទួលបានចំណេះខ្ពង់ខ្ពស់ ព្រមទាំងមានឱកាសសម្រេចកិច្ចការងារបានមុនគេទៀតផង។
គួរបញ្ជាក់ផងដែរ បើទោះបីមាតាបិតាគ្រប់រូប បានបញ្ជូនកូនតូចៗទៅសាលារៀនក្តី ប៉ុន្តែសូមកុំដាក់សម្ពាធពួកគេទៅលើការសិក្សាពេក។ កុមារខ្លះអាចនឹងចាប់បានតិចតួចបំផុត នៅអាយុនេះ អាស្រ័យទៅលើប្រព័ន្ធខួរក្បាល និងភាពរហ័សរហួនរបស់ពួកគេ។ ជំនួសឱ្យចំណុចនេះ ជាការល្អ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្ហាញកូនតូចៗរបស់អ្នកបន្ថែម ឬអ្នកអាចនាំគេលំហែខួរក្បាលបន្តិច ចាំបង្រៀន និងរំលឹកមេរៀនដែលគេទទួលបានពីសាលារៀន ចៀសវាងពួកគេការភ្លេចភ្លាំង។
ព្យាយាមលួងលោម ណែនាំ និងពន្យល់អំពីអ្វីៗនៅជុំវិញខ្លួន កុមារខ្លះអាចនឹងមានអារម្មណ៍ភ័យខ្លាចជាមួយពិភពលោកខាងក្រៅ ដោយសារពួកគេទម្លាប់នៅជាមួយមាតាបិតាតាំងពីតូច។ ដូច្នេះហើយ អ្នកត្រូវនាំពួកគេចេញទៅក្រៅឱ្យបានច្រើន បង្កើនទំនាក់ទំនង និងបង្រៀនពួកគេ ឱ្យមានភាពក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយកុមារផ្សេងទៀតនៅជុំវិញខ្លួន៕