ជាប្រធានសមាគមសិល្បករខ្មែរថ្មីអាណិត្តទី៦ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំសិល្បករខ្មែរឈានទៅរកភាពប្រសើរឡើង ក្នុងនោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ តែលោកជំទាវបង្ហើបកិច្ចការធំចំនួន២។
នៅក្នុងការឡើងប្ដេជ្ញាចិត្តក្រោយទទួលការទុកចិត្តពីសិល្បករបោះឆ្នោតឲ្យធ្វើជាប្រធានសមាគមសិល្បករខ្មែរមានរយៈពេល ៥ឆ្នាំ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា ក្នុងភារកិច្ចជារួម គឺធ្វើយ៉ាងណាអោយសិល្បៈវប្បធម៌ខ្មែរកាន់តែរីកចម្រើន ឡើងឲ្យមានការទទួលស្គាល់ ឲ្យតម្លៃទាំងកម្រិតជាតិ និងអន្តរជាតិ។
លោកជំទាវលើកឡើងថា នឹងប្រើប្រាស់សិល្បៈវប្បធម៌ធ្វើជាឧបករណ៍ផ្សព្វផ្សាយពីចំណុចវិជ្ជមាន ក៏ដូចជាសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក។ មានកិច្ចការធំ២ ដែលលោកជំទាវប្ដេជ្ញាចិត្តនោះ ទី១គឺការងារបណ្ដាក់ទុនក្នុងវិស័យសិល្បៈខ្មែរ។
ចំណុចនេះ ក្នុងនាមជាថ្នាក់ដឹកនាំសមាគម លោកជំទាវ នឹងព្យាយាមកៀគរដៃគូពីបរទេសអោយចូលមកបោះទុនវិនិយោគលើវិស័យភាពយន្តធ្វើយ៉ាងណាអោយវិស័យសិល្បៈទី៧នេះ បានរីកចម្រើនកាន់តែខ្លាំង និងអាចផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពខាងក្រៅផង និងដើម្បីអោយបងប្អូនសិល្បករខ្មែរមានការងារធ្វើផង។
លោកជំទាវរបស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ច្បាស់ៗណា គិតត្រឹមថ្ងៃនេះ មានដៃគូនៅបរទេសមួយចំនួនរួចទៅហើយ បានបង្ហាញពីចេតនាចង់ចូលមកវិនិយោគក្នុងវិស័យសិល្បៈរបស់ខ្មែរ។ សារនេះរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើអោយសិល្បករទាំងអស់ទះដៃហ៊ោយ៉ាងកងរំពង។
កិច្ចការធំទី២ លោកជំទាវនឹងធ្វើឲ្យប្រសើរឡើងពីក្រមសីលធម៌ វិជ្ជាជីវៈសិល្បករ។ លោកជំទាវអ្នកឧកញ៉ា បានសង្កត់ធ្ងន់ទៅរឿងរ៉ាវដែលកើតមានហូរហែអំពីការធ្វើឲ្យប៉ះពាល់ដល់សីលធម៌ សេចក្ដីថ្លៃថ្នូររបស់សិល្បៈខ្មែរ នោះគឺបញ្ហាសិល្បករប្រើពាក្យអសុរោះ តិះដៀលគ្នានៅបណ្ដាញសង្គម ដែលធ្វើអោយវិស័យសិល្បៈ ពិសេសសិល្បករខ្មែរខ្លួនឯង បង់តម្លៃច្រើន។
ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន លោកជំទាវបញ្ជាក់ថា ក្នុងនាមជាប្រធានដឹកនាំថ្មីរបស់សមាគម លោកជំទាវនឹងដាក់ចេញយន្តការគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់បញ្ហានេះ។ ដូច្នេះដែរ ជំនួសឲ្យការនិយាយពីរូបភាពនៃការពិន័យបែបណា ករណីសិល្បករខ្មែរជេរតិះដៀលគ្នាលើបណ្ដាញទំនាក់ទំនងសង្គម លោកលើកឡើងថា លោកជំទាវសុំទោសជាមុន និងក្រឿនរំលឹកសិល្បករទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសំដីរបស់ខ្លួនក្នុងពិភពបើកចំហរ១នេះ។
យ៉ាងណា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បញ្ជាក់ថា កិច្ចការនេះលោកជំទាវម្នាក់ឯង ពិតមិនអាចធ្វើបាន។ ដូច្នេះលោកជំទាវនឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងរៀមច្បងអ្នកដឹកនាំមុនៗ និងលើកទឹកចិត្តសិល្បករដែលមានធនធាន មានសមត្ថភាពចូលរួមជាមួយគ្នា។ ដោយឡែកសិល្បករខ្លួនឯង ក៏គួរដឹងខ្លួនថាអ្វីគួរ អ្វីពុំគួរធ្វើជាមុនដែរ៕