កាលពីពេលថ្មីៗនេះ មានការល្បីសុះសាយនៅក្នុងបណ្តាញសង្គម ដោយមានកូនខ្មែរម្នាក់ បានបង្ហាញអំពីគំនិត concept នៃការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូត Fashion Show នៅបរិវេណក្លោងទ្វារផ្លូវចូលទៅកាន់ប្រាសាទអង្គរធំ។
លោក ទុយ ចាន់តារា CEO នៃក្រុមហ៊ុនបច្ចេកវិទ្យា WonderPass បានប្រាប់ទស្សនាវដ្តី ឡេឌីស៍ ថា លោកចង់រៀបចំព្រឹត្តិការណ៍ដូចរូប concept ដែលលោកបានបង្ហោះនៅលើបណ្តាញសង្គម Facebook។ លោកមានបំណងប្រាថ្នាចង់ធ្វើឱ្យ គម្រោងមួយនេះកើតឡើងពិតប្រាកដមែន នៅលើទឹកដីអង្គរ ដ៏អច្ឆរិយៈរបស់កម្ពុជាយើង។ បន្ទាប់ពីលោក តារា បានបង្ហោះអំពីគំនិត concept នេះភ្លាម មានបងប្អូនប្រជាជនខ្មែរ បង្ហាញមតិគាំទ្រ និង ពិតជាចង់ឃើញព្រឹត្តិការណ៍នៃការដើរបង្ហាញម៉ូត ឫ Fashion Show នេះ រៀបចំធ្វើនៅ បរិវេណប្រាសាទបុរាណដ៏ល្បីល្បាញ គឺប្រាសាទអង្គរធំ។
ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោងមួយនេះ លោក តារា បានឱ្យដឹងថា លោករំពឹងនូវផលវិជ្ជមានជាច្រើនទៅដល់វិស័យទេសចរណ៍ និង វិស័យ Fashion ក៏ដូចជាការកែច្នៃនូវវប្បធម៌ និង វិស័យពាណិជ្ជកម្ម ថែមទៀតផង។ លោកបន្តថា ប្រទេសកម្ពុជា ជាទីតាំងមួយដែលអាចកែច្នៃពីវប្បធម៌បុរាណ ទៅទំនើបកម្ម ដែលនេះជាចំណុចពិសេសអាចទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស។ លោក បន្តថា បើសិនជាមានព្រឹត្តិការណ៍ Fashion Show ដ៏ធំបែបនេះ នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់ថាប្រទេសយើងនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត ហើយក៏ជាផ្នែកមួយក្នុងការចូលរួមផ្សព្វផ្សាយតំបន់វប្បធម៌ប្រវត្តិសាស្រ្តរបស់ខ្មែរយើង ទៅកាន់ឆាកអន្តរជាតិ។
CEO របស់ Wonderpass រូបនេះ មើលឃើញពីឱកាសក្នុងការទាក់ទាញ ប្រ៊េនធំៗនៅលើពិភពលោក ងាកមកចាប់អារម្មណ៍រៀបចំព្រឹត្តិការណ៍បង្ហាញម៉ូត Fashion Show របស់ពួកគេ នៅក្នុងប្រទេសកម្ពុជា។ ដោយកាលពីពេលកន្លងទៅ គេសង្កេតឃើញថាការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូតធំៗនៅលើពិភពលោក គេតែងជ្រើសរើសធ្វើនៅតំបន់ដែលមានទាក់ទាញ ឫ តំបន់ប្រវត្តិសាស្រ្តតាមប្រទេសនីមួយៗ។ ដូច្នេះ បរិវេណនៃក្លោងទ្វា ផ្លូវចូលទៅកាន់ប្រាសាទអង្គរធំ ប្រៀបដូចជាទីតាំងគ្រាប់ពេជ្រដ៏មានតម្លៃ ស័ក្តិសមឥតខ្ចោះក្នុងការកែច្នៃបន្ថែមធ្វើជាទីតាំងដើម្បីរៀបចំកម្មវិធីបង្ហាញម៉ូត Fashion Show លំដាប់អន្តរជាតិ៕