នៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2024 – ហុងកុង ដែលជាទីក្រុងធំលំដាប់ថ្នាក់អន្តរជាតិរីកចម្រើនឈានមុខគេនៅក្នុងតំបន់អាស៊ី និងមានភាពលេចធ្លោចំណោមទីក្រុងបេក្ខជនជាច្រើន បានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃ “អនុសញ្ញា Lions Clubs International Convention” សម្រាប់ឆ្នាំ 2026 ។ ការដេញថ្លៃទទួលជោគជ័យមួយនេះ បានបង្ហាញអំពីកេរ្តិ៍ឈ្មោះអន្តរជាតិដ៏ខ្ពង់ខ្ពស់របស់កោះហុងកុងជាមួយប្រព័ន្ធនៃការអភិវឌ្ឍន៍សង្គមរួមមានដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធច្បាប់ ការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងតំបន់ទេសចរណ៍។
អនុសញ្ញាអន្តរជាតិ Lions ឆ្នាំ 2026 នឹងប្រារព្ធឡើងនៅខែកក្កដា ឆ្នាំ 2026 ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម “AsiaWorld-Expo” ដែលមានទីតាំងជាប់នឹងអាកាសយានដ្ឋានអន្តរជាតិហុងកុង ដោយមានអ្នកចូលរួមប្រមាណ 20,000 នាក់មកពីជុំវិញពិភពលោកដោយរំពឹងអំពីការជួបជុំប្រចាំឆ្នាំរបស់សមាជិក Lions Clubs International ហើយបានសន្យាថានឹងក្លាយជាព្រឹត្តិការណ៍ជាសកលដ៏សំខាន់ និងអស្ចារ្យបំផុត។
ក្នុងនាមជាស្ថាប័នសម្របសម្រួល Lions Clubs International, District 303 Hong Kong, Macao នៃប្រទេសចិន នឹងធ្វើការរៀបចំយ៉ាងសកម្មក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដើម្បីស្វាគមន៍ក្រុម Lions ព្រមទាំងដៃគូចូលរួមទាំងអស់មកពីជុំវិញពិភពលោក… ដោយបង្ហាញអំពីភាពទាក់ទាញពិសេសរបស់ហុងកុងក្នុងនាមជាទីក្រុងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ទីក្រុងហុងកុងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអន្តរជាតិ Lions ចំនួន 2 ដងរួចមកហើយ គឺនៅក្នុងឆ្នាំ 1992 និងឆ្នាំ 2005។ ក្រោយពេលទទួលបានជ័យជម្នះទៅលើតំណែង “Lions Clubs International Convention” សម្រាប់ឆ្នាំ 2026 ហាក់ដូចបញ្ជាក់ទៅកាន់ពិភពលោកយ៉ាងមោះមុតអំពីសមត្ថភាពដ៏ល្អឥតខ្ចោះរបស់ហុងកុងក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ។
ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុង (HKTB) លោកបណ្ឌិត PANG Yiu-kai, GBS, JP បាននិយាយឡើងថា “ហុងកុងត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ Lions Clubs International Convention 2026 ដោយធ្វើឱ្យព្រឹត្តិការណ៍នេះស្របតាមបេសកកម្មក្នុងការពង្រីកវិស័យ MICE និងនាំយកព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកមកកាន់ទីក្រុងទីក្រុង ជាពិសេសចូលរួមជម្រុញនូវផលប្រយោជន៍សង្គមទូទៅ និងវិស័យសេដ្ឋកិច្ចក្នុងទីក្រុង”។
ព័ត៌មានគួរស្វែងយល់ ៖ ក្លឹប Lions អន្តរជាតិ ឬ Lions Clubs International គឺជាអង្គការសេវាកម្មធំជាងគេបំផុតរបស់ពិភពលោកដែលមានសមាជិកជាង 1,4 លាននាក់ និងសមាជិក 200 ប្រទេសដែលផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍របស់ពួកគេតាមរយៈសេវាកម្មសង្គម និងមនុស្សធម៌។