ការរក្សាអនាម័យផ្ទាល់ខ្លួន គឺជារឿងសំខាន់ មិនថាជារបបអាហារ ឬទម្លាប់រស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយទើបអ្នកត្រូវលាងសម្អាតខ្លួនដោយការងូតទឹកស្អាតជារៀងរាល់ដ្ងៃ (មួយថ្ងៃ ២ ទៅ ៣ដង) ដើម្បីឱ្យប្រាកដថាគ្មានបាក់តេរីទុំជាប់នៅលើស្បែក។ ប៉ុន្តែតើអ្នកដឹងទេ? មានកំហុសមួយចំនួននៅពេលងូតទឹកដែលមនុស្សជាច្រើនមិនបានស្វែងយល់ច្បាស់ ហើយកំហុសតូចៗទាំងនោះអាចជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សុខភាព។
តើកំហុសទាំងនោះរួមមានអ្វីខ្លះ? បង្កផលប៉ះពាល់ដូចម្តេចខ្លះ?
1. កក់សក់ញឹកញាប់ពេក
ប្រសិនបើអ្នកមានប្រភេទសរសៃសក់ស្តើង និងខ្សោយចុងគួរចៀសវាងការកក់សក់ជារៀងរាល់ថ្ងៃ។ កាលណាកក់សក់ញឹកញាប់ពេក វាអាចបណ្តាលឱ្យសក់របស់អ្នកជ្រុះមកទាំងក្តាប ជាពិសេសធ្វើឱ្យសក់កាន់តែស្តើងទៅៗ ម្យ៉ាងអ្នកក៏មិនគួរងូតទឹកច្រើនលើសកម្រិតផងដែរ ព្រោះការងូរទឹកច្រើនពេកអាចធ្វើឱ្យស្បែករបស់អ្នកបាត់បង់ជាតិទឹក ប្រឈមនឹងបញ្ហាជាច្រើន ដូចជា ស្បែកឡើងក្រហម និងឡើងកន្ទួលអុចៗ។
2. មិនសម្អាតក្បាលផ្កាឈូក
ក្បាលផ្កាឈូកអាចជាកន្លែងសំខាន់នៅក្នុងការងូតទឹក ព្រោះប្រសិនបើអ្នកមិនបានសម្អាតត្រឹមត្រូវ បាក់តេរីនឹងទំជាប់ដែលបង្កឱ្យអ្នកមានជំងឺសួត។
3. ងូតទឹកក្តៅរយៈពេលយូរ
ការដែលងូតទឹកក្តៅនោក្នុងកម្រិតមួយដែលយូរ និងក្តៅខ្លាំងពេកអាចធ្វើឱ្យស្បែករបស់អ្នកបាត់បង់ជាតិប្រេងធម្មជាតិ ធ្វើឱ្យស្បែកស្ងួត ឡើងរមាស់ និងប្រេះស្រកា។ បើទោះបីការងូតទឹកក្តៅអាចធ្វើឱ្យអារម្មណ៍អ្នកល្អពិតមែន ប៉ុន្តែសូមប្រាកដថាអ្នកងូតនៅក្នុងកម្រិតមួយដែលសមស្រប។
4. មិនដុសសម្អាតជើង
មនុស្សមួយចំនួនតែងគិតថាសាប៊ូនៅលើដងខ្លួននឹងហូរចុះទៅដល់ជើង ហើយមិនចាំបាច់ដុសសម្អាតជើងទេ។ នេះគឺជាការយល់ខុសជាទូទៅមួយ ប្រសិនបើអ្នកមិនដុះសម្អាតជើងវានឹងបង្កឱ្យមានមេរោគផ្សិតនៅនឹងក្រចកជើងអ្នក។
5. រុំសក់នឹងកន្សែងសើម
អ្នកមិនគួររុំសក់សើមជាមួយកន្សែងទេ ព្រោះសក់សើម គឺមានសភាពខ្សោយបំផុត។ កម្តៅនៃការរុំកន្សែងធ្វើឱ្យក្រពេញខ្លាញ់នឹងធ្វើឱ្យសក់មិនស្អាត និងសំពោង ឬរញ៉េរញ៉ៃ។
6. មិនសម្អាតកន្លែងដាក់សាប៊ូ
ប្រសិនបើអ្នកប្រើប្រាស់ជាប្រភេទសាប៊ូដុំ អ្នកគួរបង្កើនការសម្អាតនៅផ្នែកដាក់សាប៊ូ។ ព្រោះសាប៊ូដុំងាយបង្កឱ្យបាក់តេរីទំជាប់សាប៊ូ ហើតបង្កើនជាហានិភ័យដល់សុខភាពស្បែករបស់អ្នក។