យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងថា យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅអឺរ៉ុប សម្រេចបានទឹកប្រាក់ ២,៤ពាន់លានដុល្លារ កើនឡើង ១២.១៣ភាគរយ ខណៈការនាំចូល មានទឹកប្រាក់ចំនួន ៥៩២លានដុល្លារ កើនជាង ០.៦៤ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍ អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៧ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ ទីផ្សារអន្តរជាតិមានចំនួន ១៤,៧ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ៥,៥ពាន់លានដុល្លារ កើន ៦.៤ភាគរយ, ចិន មានតម្លៃជាង ៩៧៥លានដុល្លារ កើនឡើង ១៩.៧ភាគរយ, និងជប៉ុនមានតម្លៃជាង ៧៦៤លានដុល្លារ កើនឡើង ១៦.៧ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕