ស្ត្រីគ្រប់ៗរូប នៅពេលដែលឈានចូលដល់វ័យអស់វដ្តរដូវ តែងតែប្រឈមមុខនឹងភាពប្រែប្រួលសម្រស់ ឬ បញ្ហាស្បែកដែលរុះរោយ ស្រពោនស្រអាប់ មើលទៅមិនមានភាពស្រស់ស្អាតភ្លឺថ្លាដូចពេលមុន។
ស្រ្តីវ័យអស់វដ្តរដូវ គឺត្រូវមានការថែទាំទៅលើសុខភាពរាងកាយ និងសុខភាពស្បែកឱ្យបានដិតដល់ជាងស្រ្តីធម្មតា ព្រោះនៅក្នុងវ័យនេះអាចរាប់ថាជាវ័យចំណាស់ ដូច្នេះសូមជ្រើសយកវិធីដែលត្រឹមត្រូវក្នុងការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលពិតប្រាកដ។
- បំប៉នសុខភាពស្បែកមុខដោយប្រើប្រាស់ផលិតផលល្អ
មើលថែទាំ និងបំប៉នស្បែកមុខឱ្យបានស័ក្តិសមល្មម ដោយការប្រើប្រាស់ផលិតផលដែលមានគុណសម្បត្តិជួយពន្យារភាពចុះទ្រុឌទ្រោមរបស់កោសិកាស្បែក និងស្តារសភាពស្បែកដែលជ្រីវជ្រួញឱ្យតឹងណែនឡើងវិញ ដោយក្នុងនោះរួមមាន វីតាមីនA វីតាមីនC វិតាមីនE និង សារធាតុកូឡាជែន (COLLAGEN) ។ លើសពីនេះ អ្នកត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែករបស់អ្នកពីការដុតបំផ្លាញស្បែកមុខដោយកម្តៅយូវីពីព្រះអាទិត្យ បញ្ហាទាំងនោះអាចមានដូចជា ស្បែកឡើងខ្មៅស្រអាប់ កើតមានស្នាមអុចខ្មៅៗ (អាចម៍រុយ) កើតមានស្នាមជ្រីវជ្រួញ យារធ្លាក់។
- សម្រាកឱ្យបានគ្រប់គ្រាន់
គេងឱ្យបានគ្រប់គ្រាន់ និងព្យាយាមកាត់បន្ថយស្រេ្តសកុំឱ្យមានការរំខានដល់ម៉ោងដំណេករបស់អ្នក ព្រោះថា ការគេងគឺមានសារៈសំខាន់ខ្លាំង ខណៈពេលដែលអ្នកកំពុងគេងលក់ រាងកាយនឹងបញ្ចេញសារធាតុ មេឡាថូនីន និងសារធាតុ អេនដូហ្វីន ដោយសារធាតុទាំងនេះមានចំណែកជួយដល់ផ្ទៃមុខទទួលបានភាពស្រស់ថ្លា ភ្លឺរលោង និងមើលទៅក្មេងជាងវ័យ។
- ទទួលទានរបបអាហារសុខភាពល្អ
បរិភោគអាហារដែលផ្ទុកសារធាតុល្អៗក្នុងការបំប៉នសុខភាពស្បែក រួមមាន ប្រភេទបន្លែបៃតង និងពពួកផ្លែឈើស្រស់ៗដែលសម្បូរទៅដោយ វីតាមីនច្រើនមុខ និងសារធាតុរ៉ែ ដែលធ្វើឱ្យស្បែកស្រស់ថ្លា ភ្លឺថ្លា និងពន្យឺតភាពចាស់នៃស្បែក។
- ទទួលទានទឹកជំនួយដល់ស្បែក
សូមទទួលទានទឹកឱ្យបានច្រើន និងទទួលជាប្រចាំថ្ងៃ ព្រោះការទទួលទានទឹកមិនត្រឹមតែជួយចិញ្ចឹមប្រព័ន្ធសារពាង្គកាយដំណើរការបានល្អនោះទេ ទឹកក៏បានហុចអត្ថប្រយោជន៍ដល់ស្បែកយ៉ាងច្រើន ដូចជា ជួយពន្យឺតភាពយារនៃស្បែក ផ្លាស់ប្តូរស្បែកដើមដែលក្រៀមស្វិតឱ្យមើលទៅស្រស់ស្អាតឡើងវិញ ភ្លឺថ្លា តឹងណែន និងមានសុខភាពល្អ។
- ចៀសវាងសកម្មភាពមិនល្អមួយចំនួនចំពោះសុខភាពស្បែក
ចៀសវាងទម្លាប់មួយចំនួនដែលបណ្តាលឱ្យស្បែករបស់អ្នកមើលទៅចាស់ជាងវ័យ និងមិនមានភាពស្រស់ថ្លា ដូចជា ៖
- ការដុះសម្អាតផ្ទៃមុខខ្លាំងៗ និងប្រើប្រាស់កម្លាំងធ្ងន់ក្នុងការលាបផលិតផលផ្សេងៗនៅលើផ្ធៃមុខ
- ការធុញថប់ ខឹងម៉ួរម៉ៅច្រើន និងស្ត្រេស
- ការទទួលទានភេសជ្ជៈដែលផ្ទុកជាតិស្ករច្រើន និងផ្ទុកជាតិកាហ្វេអ៊ីន
- សេពគ្រឿងស្រវឹង ឬជក់បារី
ចំណុចខាងលើនេះ សុទ្ធសឹងតែជាកត្តាដែលចូលរួមបំផ្លាញសុខភាពស្បែកយ៉ាងខ្លាំង រួមទាំងធ្វើឱ្យស្បែកឆាប់រុះរោយ និងមើលទៅមិនមានភាពស្រស់ស្អាត។
សូមកុំរវល់តែឆ្លុះកញ្ចក់ ហើយអង្គុយពិបាកចិត្តនឹងបញ្ហាស្បែកមុខរបស់អ្នកតទៅទៀតអី ចាប់ផ្តើមថែរក្សាសុខភាពស្បែកមុខ និងស្បែកដងខ្លួនរបស់អ្នកដោយអនុវត្តតាមវិធីងាយៗខាងលើជាប្រចាំថ្ងៃ ដើម្បីទទួលបានប្រសិទ្ធិភាព និងស្តារភាពស្រស់ថ្លា ក្មេងជាងវ័យ។