កែវភ្នែកទាំងគូរបស់អ្នក គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរូបរាងកាយទាំងមូល ដែលអ្នកត្រូវមានការថែទាំគាំពារ និងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងរដូវក្តៅហួតហែងនេះ។
ការកើនឡើងនៃសីតុណ្ហភាព ធូលីដីកង្វក់ និងការបំពុលផ្សែងបរិស្ថានផ្សេងៗដែលកើតមាននៅក្នុងរដូវក្តៅអាចធ្វើអោយកែវភ្នែកទាំងគូរបស់អ្នក រងការប៉ះពាល់ខ្លាំង រួមមាន ភ្នែកស្ងួត ក្រហាយភ្នែក ភ្នែកក្រហម ស្រវាំងភ្នែក និងងងឹតជាដើម។
គួរបញ្ជាក់ផងដែរថា កម្តៅ UV ព្រះអាទិត្យមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ សុខភាពស្បែកនោះទេ វាថែមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកែវភ្នែករបស់អ្នកផងដែរ ដូច្នេះសូមស្វែងយល់អំពីគន្លឹះថែរក្សាចំពោះមនុស្សគ្រប់វ័យក្នុងការអនុវត្តដើម្បីថែទាំកែវភ្នែករបស់អ្នក។
ពាក់វ៉ែនតាការពារកាំរស្មី UV ឬ វ៉ែនតាខ្មៅ
វ៉ែនតា មិនត្រឹមតែជាគ្រឿងលម្អប្រាណបន្ថែមនោះទេ វាក៏ជាមូលដ្ឋានសម្រាប់ថែរក្សាកែវភ្នែកទាំងគូរបស់អ្នកពីកាំរស្មីយូវី។ អ្នកអាចពាក់វែនតាខ្មៅ ដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យចាំងផ្លាតជាមួយកែវភ្នែករបស់អ្នក និងកាត់បន្ថយផលប៉ះពាល់ភ្នែក។
ពាក់មួក
វិធីសាស្រ្តដ៏សាមញ្ញមួយ គឺអ្នកអាចពាក់មួកដើម្បីការពារភ្នែក កុំឱ្យរងពន្លឺព្រះអាទិត្យខ្លាំង ដែលបណ្តាលឱ្យក្រហាយភ្នែក និងស្រវាំងភ្នែកជាទម្ងន់។ មិនត្រឹមតែការពារកម្តៅព្រះអាទិត្យបានទេ ថែមទាំងជួយកាត់បន្ថយកម្តៅប៉ះស្បែកក្បាលផងដែរ។
ទទួលទានអាហារូបត្ថម្ភ និងដំណេកឱ្យបានគ្រប់គ្រាន់
ការទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនខ្នាត គឺជាការចាំបាច់សម្រាប់ចក្ខុវិស័យ។ ក្រុមអាហារដែលមានសារធាតុចិញ្ចឹមដូចជា វីតាមីន C វីតាមីន E និងជាតិស័ង្កសី អាចជួយប្រឆាំងនឹងការចុះខ្សោយនៃសុខភាពកែវភ្នែក។ ទទួលទានដំណេកទៀងពេលវេលា និងគ្រប់គ្រាន់ក៏អាចជួយការពារសុខភាពភ្នែកអ្នកផងដែរ។ កាលណា អ្នកមិនបានផ្តល់ពេលវេលាសម្រាកដល់កែវភ្នែករបស់អ្នក បន្ទាប់ពីការប្រើប្រាស់វាពេញមួយថ្ងៃទេ វានឹងធ្វើឱ្យភ្នែកអ្នក ស្ងួត រលាក និងបង្កទៅជាជំងឺផ្សេងៗ។
រក្សាជាតិទឹក
ប្រាកដណាស់ នៅក្នុងរដូវក្តៅ មនុស្សម្នាក់ៗទួលអារម្មណ៍ថាខ្លួនប្រាណខ្សោះជាតិទឹកដោយសារកម្តៅកើនខ្លាំង ហើយនេះជាហេតុផលមួយដែលអាចជះឥទ្ធិពលអាក្រក់ដល់ចក្ខុវិស័យរបស់អ្នក។ ការខ្សោះជាតិទឹកខ្លាំងអាចបង្កជាបញ្ហាភ្នែកស្ងួត និងរលាកកែវភ្នែក សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
បញ្ឈប់ការជក់បារី
ប្រសិនបើអ្នកគិតថាការជក់បារីប៉ះពាល់តែសួត សូមគិតម្តងទៀត។ យោងតាមការសិក្សារបស់អ្នកជំនាញថែរក្សាសុខភាពភ្នែកទូទាំងពិភពលោក បានឱ្យដឹងថា ការប៉ះពាល់ភ្នែកផ្ទាល់ជាមួយផ្សែងបារីច្រើនពេកអាចបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយ ភ្នែកស្ងួត និងបញ្ហាផ្សេងៗដែលទាក់ទងនឹងកែវភ្នែកទាំងគូរបស់អ្នក។