ការទទួលទានអាហារដែលធ្វើឱ្យអ្នកទទួលបានសុខភាពល្អមិនមែនទាល់តែ ទទួលទានអាហារដែលសម្បូរទៅដោយសារជាតិចិញ្ចឹម ឬ ការដែលបង្អត់អាហារដែលអ្នកចូលចិត្ត ដូចជា ប្រភេទអាហារបំពង (ភីហ្សា បឺហ្គឺ ឬភ្លៅមាន់បំពង…) រឺអាហារដែលមានជាតិស្ករច្រើន (បង្អែម) នោះទេ។
វិធីដ៏ល្អមួយក្នុងការរៀបចំរបបអាហារដែលប្រកបដោយសុខភាពល្អគឺ ចាប់ផ្តើមជាមួយនឹងជម្រើសអាហារសុខភាពដ៏សម្បូរបែបដែលអ្នកនឹងទទួលទាន។
ដើម្បីជោគជ័យក្នុងការរៀបចំរបបអាហារបានល្អ គឺជាការរៀបចំគម្រោងទុកជាមុនរួចសឹមធ្វើការផ្លាស់ប្តូរវាប្តូរម្តងបន្តិចៗ ព្រោះថាការដែលផ្លាស់ប្តូរយ៉ាងគំហុកភ្លាមៗ វានឹងបង្កជាបញ្ហាធំសម្រាប់អ្នកទៅវិញ។
ប្រសិនបើអ្នកផ្លាស់វាសន្សឹមៗបន្តបន្ទាប់គ្នាជាមួយនឹងការតាំងចិត្តដ៏មោះមុត អ្នកនឹងទទួលបានការតមអាហារដែលប្រកបដោយសុខភាពល្អឆាប់រហ័សជាងការគិតទុកមុនទៅទៀត ជាពិសេសអ្នកអាចសម្របខ្លួនបានទាំងមូលជាមួយរបបអាហារសុខភាពថ្មី។
មនុស្សមួយចំនួនច្រើនគិតថាការទទួលទានអាហារដែលប្រកបទៅដោយសុខភាពល្អ គឺអ្នកត្រូវតែឈប់ទទួលទានអាហារមិនល្អ ដូចជាអាហារសម្បូរជាតិខ្លាញ់ អាហារជាតិផ្អែម ឬប្រភេទអាហារបំពង (FAST FOOD or JUNK FOOD) ប៉ុន្តែវាមិនមែនជាការពិតឡើយ ខណៈការទទួលទានអាហារប្រកបដោយសុវត្ថិភាពល្អ មិនមែនជាការទទួលទានអាហារគ្រប់មុខ ឬត្រូវតែបង្អត់អាហារមិនល្អគ្រប់មុខទេ វាកើតឡើងមកពីការទប់អារម្មណ៍របស់អ្នក។
1. ដំបូងបង្អស់ អ្នកនឹងចាប់ផ្តើមពីអាហារពេលព្រឹក ព្រោះថាអាហារពេលព្រឹកដែលប្រកបដោយសុខភាពល្អអាចជួយជម្រុញដំណើរការនៃការរំលាយអាហារ ហើយបន្ទាប់មកអ្នកគួរតែទទួលទានអាហារសុខភាពក្នុងបរិមាណតិចតួចពេញមួយថ្ងៃតែម្តង។ វាធ្វើឱ្យថាមពលរាងកាយរបស់អ្នកខ្លាំងក្លាព្រមទាំងធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើង។
2. បន្លែ និងផ្លែឈើសុទ្ធតែជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលផ្តល់នូវសុខភាពល្អដល់រូបរាងកាយ ហើយវាមានកាឡូរីទាប និងសម្បូរទៅដោយសារជាតិចិញ្ចឹម ដោយក្នុងនោះរួមមាន វីតាមីន ជាតិរ៉ែប្រឆាំងអុកស៊ីតកម្ម និងមានកាកសរសៃ (ហ្វៃប៊ើ)។ បន្លែ និងផ្លែឈើដែលមានរសជាតិផ្អែមនឹងជួយឱ្យអ្នកឆ្អែតបានយូរ មិនសូវឃ្លានអាហារផ្សេងៗទៀតផ្តេសផ្តាស់ឡើយ។
3. អ្នកក៏ត្រូវតែទទួលទានអាហារដែលមានជាតិកាបូន ព្រោះអាហារប្រភេទនេះសម្បូរដោយជាតិសរសៃ (ហ្វៃប៊ើ) និងសារជាតិរក្សាថាមពលអ្នកខ្លាំងក្លាដែលមាននៅក្នុងគ្រាប់ធញ្ញជាតិជាដើម។ ជាតិកាបូនដែលល្អ គឺមានការរំលាយយឺតដែលជាកត្តាបូកផ្សំជួយធ្វើឱ្យអ្នកឆ្អែតបានយូរដូចបន្លែ ផ្លែឈើដែរ ម៉្យាងវាក៏ជួយរក្សាកម្រិតស្ករក្នុងឈាម និងអ៊ីនសូលីនមានស្ថិរភាព។
4. អ្នកក៏ត្រូវបន្ថែមជាតិខ្លាញ់ល្អដែលមានគុណប្រយោជន៍ដល់សុខភាពទៅក្នុងរបបអាហារអ្នកផងដែរ ដោយក្នុងនោះរួមមាន ផ្លែអាវ៉ូកាដូ (Avocado) ប្រេងអូលីវ ហើយចូរកុំទទួលទានខ្លាញ់ដែលផ្តល់គុណវិបត្តិដល់សុខភាពរាងកាយ។